ព័ត៌មាន
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖កម្ពុជាមានការរីកចម្រើន ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើក
ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលពីរឆ្នាំនៃការបំពេញការងារនៅកម្ពុជា ឯកឧត្តមបានឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើកគួរជាទីចាប់អារម្មណ៍យ៉ាងក្រៃលែង។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងឱកាសជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត សាជាថ្មីម្ដងទៀតបន្ទាប់ពីការជំនួបលើកមុន ក្រោយពេល ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះមហាក្សត្រ។ ជាមួយនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអបអរសាទររដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការរៀបចំការប្រកួត EURO Cup 2024 បានល្អប្រសើរ និងអបអរសាទរក្រុមបាល់ទាត់អាល្លឺម៉ង់ដែលទទួលបានជោគជ័យក្នុងការប្រកួតរហូតមកដល់ពេលនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អាល្លឺម៉ង បានសម្ដែងការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម បានចូលជួបសម្ដែងការគួរសម និងពិភាក្សា ក្នុងឋានៈសម្ដេចជាប្រធានព្រឹទ្ធសភា។ ឯកឧត្ដមក៏បានសម្ដែងការរីករាយផងដែរ ដោយឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអាល្លឺម៉ង់ មានការរីកចម្រើនរឹងមាំជាបន្តបន្ទាប់ ពិសេស បានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ១៧ គណៈប្រតិភូរួចហើយ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំង ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។ ចំនួននេះច្រើនជាងរយៈពេល១០ឆ្នាំកន្លងមក។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបសម្ដេចតេជោ ពីការបើកស្ថានកុងស៊ុលកិត្តិយសរបស់អាល្លឺម៉ង់ប្រចាំទីក្រុងសៀមរាប នៅខែមិថុនាកន្លងទៅ ដែលដឹកនាំដោយកុងស៊ុលកិត្តិយសម្នាក់មានជំនាញខាងពាណិជ្ជកម្ម និងទេសចរណ៍ ។ ឯកឧត្តម ជឿជាក់ថា ស្ថានកុងស៊ុលកិត្តិយសនេះ នឹងអាចជួយជំរុញការទាក់ទាញទេសចរអាល្លឺម៉ង់និងបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត មកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។
ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបន្ថែមថា ឯកឧត្តមនឹងប្រឹងប្រែងបន្តទៀតដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍនូវយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាមកំពុងពិនិត្យលទ្ធភាព វិនិយោគនៅកម្ពុជា ហើយគេកំពុងតែធ្វើការសិក្សាបន្ថែមទៀតនៅលើបរិយាកាសសម្រាប់ការវិនិយោគ រួមមាននីតិវិធី ពន្ធដារជាដើម។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដោយសម្ដេចបានធ្វើការជាបន្តបន្ទាប់ជាមួយនឹងថ្នាក់ដឹកនាំ អាល្លឺម៉ង់ ជាពិសេសក្នុងជំនួបជាមួយ ប្រធានាធិបតីអាល្លឺម៉ង់ ក្នុងទីក្រុងព្រុចសែលពេលកន្លងមកនេះ ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នានិងធ្វើការជាមួយគ្នាបន្តទៀត។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តជួយកម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ បានបង្កើនកម្រិតកាន់តែខ្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ដែលធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ សម្ដេចបានបន្តថាសម្ដេចផ្ទាល់ មានមោទនភាពចំពោះសមិទ្ធផលល្អៗ ដែលសម្រេចបានជាមួយគ្នា។ សម្ដេច បានស្នើសុំឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តការងារ ជាពិសេស ការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និង ការអភិវឌ្ឍធនធានមនុស្ស។ ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងសហការី ទទួលបានសុខភាពល្អ និងជោគជ័យក្នុងការងារបន្តដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕



អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន4 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoបង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់