ព័ត៌មាន
អ្នកនាំពាក្យ៖ ក្រុមអ្នកចង់បំបែកបំបាក់ខ្មែរកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងពលរដ្ឋភៀសសឹក
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយម អ្នកចង់បំបែកបំបាក់ខ្មែរ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងពលរដ្ឋភៀសសឹក និងសកម្មភាពការងាររបស់រាជរដ្ឋាភិបាលដោយបានប្រឌិត និងក្លែងបន្លំក្នុងគោលបំណងធ្វើឱ្យមានការចលាចលនៅក្នុងសង្គមជាតិ។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជាថ្មីថា រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋភៀសសឹកទាំងការផ្គត់ផ្គង់សម្ភារៈ ចំណីអាហារ ការគិតគូលើសុខភាព និងស្មារតីរបស់ពួកគាត់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថាមានព័ត៌មានមិនពិតមួយចំនួនត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកចង់បំបែកបំបាក់ខ្មែរថា ប្រជាពលរដ្ឋភៀសសឹកមិនត្រូវបានយកចិត្តទុកដាក់ និងជួបការខ្វះខាតរាប់តាំងពីទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឡើងទៅ។ ឆ្លើយតបនឹងការលើកឡើងខុសការពិតនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។
អ្នកនាំពាក្យបញ្ជាក់ថា ជាក់ស្តែងប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រកសម្រាប់ស្នាក់នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាល២៤ម៉ោងនៅនឹងកន្លែង។ និយាយពីទឹកស្អាត ក្រៅពីទឹកបរិសុទ្ធសម្រាប់ទទួលទានដែលជាអំណោយពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ជូននូវម៉ាស៊ីនចម្រោះទឹកធំៗដើម្បីផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងមណ្ឌលតែម្តងដោយមានបរិមាណគ្រប់គ្រាន់ និងគ្មានការខ្វះខាតអ្វីឡើយ។ នៅក្នុងមណ្ឌលនីមួយៗ សមត្ថកិច្ចក៏បានជួយការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនទាំងយប់ទាំងថ្ងៃ។ ទាំងគ្រឿងឧបភោគបរិភោគ និងទាំងសេវាទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីអាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន និងសប្បុរសជនពីគ្រប់ទិសទី។
ឯកឧត្តម ប៉ែន បូណា បានបន្តថា លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល ខណៈដែលកម្មវិធីអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរនិងផ្តល់ជូនផងដែរ។ ក្រោមគំនិតផ្តួចផ្តួមរបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើងដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ ជារួម ប្រជាពលរដ្ឋភៀសសឹកទទួលបានការយកចិត្តទុកដាក់មើលថែទាំយ៉ាងល្អពីអាជ្ញាធររាជរដ្ឋាភិបាល ដោយមិនឱ្យពួកគេខ្វះខាតអ្វីដូចការលើកឡើងពីក្រុមមនុស្សមួយចំនួនតូចដែលមានចេតនាចង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនោះឡើយ។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់ផ្គត់ផ្គង់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ បងប្អូនប្រជាពលរដ្ឋភៀសសឹកក៏ទទួលបាននូវជំនួយផ្នែកស្មារតីតាមរយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ និងជាបន្តបន្ទាប់ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អង្គទូត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងសប្បុរសជនពីគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេថែមទៀត។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៩២%ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត ៥ម៉ឺននាក់ទៀតបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផលពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬទូរកុងតឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ៕

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន19 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១