ព័ត៌មាន
ប្រមុខការពារជាតិ៖ ស្ត្រីជាកងទ័ពកម្ពុជាបានចូលរួមការពារជាតិយ៉ាងអង់អាចក្លាហានប្រឆាំងអំពើឈ្លានពាន
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ស្ត្រីជាកងទ័ពកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារបូរណភាពទឹកដី ដោយទឹកចិត្តអង់អាចក្លាហាន ប្រឆាំងទៅនឹងអំពើឈ្លានពានរបស់កងទ័ពថៃ ពិសេសសង្គ្រាមកើតឡើងកាលពីឆ្នាំ២០២៥កន្លងទៅនេះ ។
នៅក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ដែលមានការអញ្ជើញចូលរួមពីលោកជំទាវជាភរិយា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ក្នុងអំឡុងជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ចំនួន២លើក កាលពីឆ្នាំ២០២៥ កងទ័ពស្ត្រីកម្ពុជា បានប្រគៀកស្មាជាមួយកងទ័ពបុរស ប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពាន ក្នុងបុព្វការពារជាតិ និងប្រជាពលរដ្ឋ។

ប្រមុខការពារជាតិ បានបន្តថា ការលះបង់ដ៏ធំធេងរបស់ស្ត្រីកម្ពុជានេះ គឺបានបង្ហាញពីវីរភាពមិនអាចកាត់ថ្លៃបាន ខណៈក្នុងកាលៈទេសៈ នៃការប្រយុទ្ធតទល់នោះ ស្ត្រីជាម្ដាយ ជាកូន និងជាប្រពន្ធ ក៏តែងតែជូនពរលើកទឹកចិត្តដល់ឪពុក កូន ប្ដី និងសាច់ញាតិជាដើម ខិតខំប្រឆាំងនឹងអំពើឈ្លានពានរបស់បច្ចាមិត្ត ដែលសកម្មភាពនេះ គឺពិតជាគួរឲ្យគោរព និងមោទនភាពយ៉ាងក្រៃលែង ។
ជាមួយនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះស្ត្រីជាកងទ័ពកម្ពុជា ក្រៅពីបានហ្វឹកហ្វឺនសមត្ថភាពការពារជាតិ ត្រឹមនៅក្នុងប្រទេសប៉ុណ្ណោះទេ ពួកគេក៏បានទៅពង្រឹងបន្ថែមនៅក្រៅប្រទេស មានប្រទេសជប៉ុន និងអាមេរិកជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុងវិស័យការពារជាតិនេះ ស្ត្រីជាច្រើនរូប បានទទួលតំណែងជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិផងដែរ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា អ្វីដែលមិនអាចបំភ្លេចបានដែរនោះ កងទ័ពមួកខៀវជាស្ត្រីកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក៏បានទៅចូលរួមថែករក្សាសន្តិភាព នៅតាមបណ្ដាប្រទេសមួយចំនួន ដែលទទួលជោគជ័យជាបន្តបន្ទាប់ និងប្រកបដោយមោទនភាព។
គួរបញ្ជាក់ថា មូលបទនៃទិវាសិទ្ធិនារី ៨មីនា ឆ្នាំនេះ ពិតជាមានសារៈសំខាន់ ស្របនឹងបរិបទជាក់ស្តែងដែលស្រ្តី និងកុមារីកម្ពុជាទទូចចង់បាន ពីព្រោះស្រ្តីជាអ្នករងគ្រោះខ្លំាងជាងគេ ពីសង្រ្គាមឈា្លនពានមកលើអធិបតេយ្យកម្ពុជា ពីសំណាក់ប្រទេសថៃ ហើយទិវាប្រកបដោយអត្ថន័យនេះ មិនត្រឹមតែជាការរំលឹក នូវស្មារតីតស៊ូដើម្បីសិទ្ធិសេរីភាព និងសមភាពប៉ុណ្ណោះទេ ប៉ុន្តែ ជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ “មាតានៃពិភពលោក”។ ស្ត្រី គឺជាកម្លាំងចលករដ៏សំខាន់ និងមិនអាចខ្វះបាន ដែលបានលះបង់កម្លាំងកាយចិត្ត ជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឱ្យមានភាពស្រស់បំព្រង។
គួរបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ សិទ្ធិស្រ្តីត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បាន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច និងថា ជួយស្រ្តីដូចជួយខ្លួនឯង។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”៕ អត្ថបទ បាន សុខរិទ្ធិ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន