ព័ត៌មាន
រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េពិនិត្យឡើងវិញលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន
ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ចំណងមិត្តភាពកម្ពុជា-កូរ៉េ ដែលមានអាយុកាល ៥៥ ឆ្នាំមកនេះ បានចាក់គ្រឹះយ៉ាងរឹងមាំ។ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ” ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។ តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និង ឯកឧត្តម យ៉ូន ហូដុក នៅថ្ងៃនេះដដែល មានកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនផ្សេងទៀតដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖
• ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាស្នើឱ្យកូរ៉េជួយពន្លឿនគម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋ កូរ៉េ” ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ។
• សេដ្ឋកិច្ច និងវិនិយោគ៖ ភាគីកូរ៉េស្នើសុំកម្ពុជាជួយសម្រួលដល់ធុរកិច្ចរបស់ក្រុមហ៊ុនកូរ៉េជាង ២០០ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងសន្យាជំរុញលំហូរវិនិយោគិន និងទេសចរកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។
• កម្លាំងពលកម្ម និងការអប់រំ៖ កម្ពុជាស្នើឱ្យកូរ៉េបង្កើនការទទួលពលករ និងផ្តល់អាហារូបករណ៍ផ្នែកជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
• សន្តិសុខឌីជីថល៖ កម្ពុជាបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ឯកឧត្តម យ៉ូន ហូដុក បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញឱ្យរដ្ឋាភិបាលកូរ៉េការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាឱ្យបានពេញលេញ។

ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សចំពោះការរីកចម្រើននៃទំនាក់ទំនង ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់