ព័ត៌មាន
អនុប្រធាន គ.ជ.អ.ប អំពាវនាវក្រុមប្រឹក្សារាជធានីខេត្ត ជំរុញថ្នាក់ក្រោមជាតិអនុវត្តផែនការអភិវឌ្ឍន៍ជាតិឲ្យជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានអំពាវនាវដល់ក្រុមប្រឹក្សារាជធានីខេត្ត ជួយជំរុញបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា នៅពេលខាងមុខ គ.ជ.អ.ប នឹងមានពិធីផ្សព្វផ្សាយនូវផែនការអភិវឌ្ឍន៍ជាតិ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នថ្នាក់ជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវផែនការចុងក្រោយ នៃកម្មវិធីជាតិ ដំណាក់កាលទី២ ។
ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប បានលើកទឹកចិត្តទៅដល់សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ជួយបន្តផ្សព្វផ្សាយនូវផែនការនេះ ក៏ដូចជាចូលរួមអនុវត្តនូវផែនការអភិវឌ្ឍន៍ជាតិឲ្យកាន់តែទទួលបានលទ្ធផលល្អ តាមការគ្រោងទុក ខណៈមន្ទីរស្ថាប័នមួយចំនួន ត្រូវបានកំណែទម្រង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនោះ ។
ជាមួយគ្នានេះ ឯកឧត្តម សក់ សេដ្ឋា បានវាយតម្លៃចំពោះសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដោយមិនត្រឹមតែបានពិនិត្យ ពិភាក្សាលើសមិទ្ធផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារ សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់អំពីបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយក្នុងកម្រិតផ្ទៃក្នុងសមាគម ព្រមទាំងកំណត់នូវបញ្ហាប្រឈម និងសំណូមពរដែលត្រូវស្នើជូនរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យពិចារណាទាំងក្នុងកម្រិតក្របខណ្ឌបទដ្ឋានគតិយុត្ត និងទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីធានាឱ្យក្រុមប្រឹក្សារាជធានី ខេត្ត អាចប្រើប្រាស់សិទ្ធិ និងអនុវត្តតួនាទីរបស់ខ្លួនបានពេញលេញស្របតាមការកំណត់ដោយច្បាប់រៀបចំអង្គការ ។
សម្រាប់លទ្ធផលនៃកិច្ចប្រជុំនេះ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត មានប្រសាសន៍ថា លទ្ធផលចំនួន ៤ចំណុច ទី១. ក្រុមប្រឹក្សាជាតិបានអនុម័តបំពេញបន្ថែមសមាសភាពសមាជិកក្រុមប្រឹក្សាជាតិ ចំនួនបីរូប, ទី២. ក្រុមប្រឹក្សាជាតិបានពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៥ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥, ទី៣. ក្រុមប្រឹក្សាជាតិបានពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ និងទី៤. ក្រុមប្រឹក្សាជាតិបានស្វែងយល់អំពីកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ផអ៥ទី២ (២០២៦-២០៣០) ។
គួរបញ្ជាក់ថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត (ស.ជ.ខ.) បង្កើតឡើងនៅឆ្នាំ២០១៣ ជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាទាំង ២៥ រាជធានី-ខេត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក ។ សមាគមនេះដើរតួនាទីសំខាន់ក្នុងការពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការ៕ អត្ថបទ៖ បាន សុខរិទ្ធិ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់