ព័ត៌មាន
ខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្មករច្រើន ខណៈរោងចក្រកើនឡើងដល់ជិត ១៦០០កន្លែង
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាស កើនឡើងដល់ជិត១ ៦០០កន្លែង ហើយកំពុងមានតម្រូវការកម្មករ និយោជិកច្រើន ដូចនេះជាឱកាសល្អ សម្រាប់ប្រជាពលរដ្ឋ យុវជន និងបងប្អូនអតីតពលករមកពីប្រទេសថៃ អាចទាក់ទងរកការងារតាមរយៈមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺបាន ។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តចំបក់ជើងភ្នំ ស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាអតីតនាយករដ្ឋមន្ត្រី បន្តមកអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺខិតខំធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសុខសន្តិភាព ពលរដ្ឋរស់នៅដោយភាពសុខសាន្ត ក៏ដូចជាប្រឹងប្រែងទាក់ទាញ អ្នកវិនិយោគក្រៅប្រទេស មកធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតជាឱកាសការងារដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជាដើម ។
ឯកឧត្តមបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះហើយ ទើបធ្វើឲ្យមានទំនុកចិត្ត មានក្រុមហ៊ុនបរទេសជាច្រើន មកវិនិយោគនៅកម្ពុជា ដែលមានបង្កើនជារោងចក្រសហគ្រាស ដើម្បីផលិតផលិតផលនាំចេញ ដោយឡែកនៅខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសបង្កើតឡើងចំនួន ១ ៥៩៩កន្លែង និងបានផ្ដល់ការងារដល់កម្មករ និយោជិកជាង ៣០ម៉ឺននាក់ នេះមិនគិតដល់វិស័យក្រៅប្រព័ន្ធជាច្រើនទៀត ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យនេះ ក៏អំពាវនាវទៅសិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ឬប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ គឺអាចទាក់ទងជាមួយមន្ទីរការងារខេត្ត ដើម្បីទទួលបានឱកាសការងារ នៅតាមបណ្តារោងចក្រ សហគ្រាសបាន ព្រោះបច្ចុប្បន្ននៅខ្វះកម្មករ និយោជិកជាង ១ម៉ឺននាក់ទៀត ។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចនូវសមិទ្ធផលជាច្រើនទៀត ដែលខេត្តកំពង់ស្ពឺទទួលបានជាបន្តបន្ទាប់ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា សម្រេចសមិទ្ធផលធំៗជាច្រើនរួមមាន៖ ការស្តារសន្តិសុខនិងស្ថិរភាព នយោបាយ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ស្ពាន), ការបើកសាលារៀននិងមន្ទីរពេទ្យឡើងវិញ, ការអភិរក្សវប្បធម៌(អង្គរវត្ត, របាំ,ល្ខោន) ជំនឿសាសនា (វត្តអារាម) និងការលើកកម្ពស់សេដ្ឋកិច្ចតាមរយៈ វិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ ។
ចំពោះវិស័យពុទ្ធចក្រនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រធិបតេយ្យ សមិទ្ធផលដែលមានទាំងអស់ត្រូវបានបំផ្លាញ វត្តអារាមត្រូវបានបំប្លែងជាឃ្លាំងដាក់ស្រូវ មន្ទីរឃុំឃាំង ឬបំផ្លាញចោល ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក ឬសម្លាប់ចោល ហើយក្រោយប្រទេសជាតិ មានស្ថិរភាពនយោបាយឡើងវិញ សមិទ្ធផលធំៗត្រូវបានលេចរូបរាងឡើងទូទាំងប្រទេស ពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកាន់ជំនឿសាសនា ហើយសមិទ្ធផលអារាមសាសនា ក៏បានកើតមាននៅពាសពេញប្រទេស ។ ជាក់ស្ដែងព្រះវិហារថ្មី រួមនិងសមិទ្ធផលនានា នៅក្នុងវត្តចំបក់ជើងភ្នំ ដែលកសាងឡើងអស់ទឹកប្រាក់ប្រមាណជាង ៥៤ម៉ឺនដុល្លារដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជាចំណងដៃ ចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទសម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ៕
អត្ថបទ៖ បាន សុខរិទ្ធិ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់