ព័ត៌មាន
អ្នកវិនិយោគចិនមកពីក្រុងប៉េកាំង ទៅស្វែងរកឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ក្រុមអ្នកវិនិយោគមកពីក្រុងប៉េកាំង នៃប្រទេសចិន បានស្វែងរកឱកាសវិនិយោគ និងជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីបានព័ត៌មានបន្ថែម ពីសក្ដានុពលនៃខេត្តមួយនេះ ដែលកំពុងមានកំណើនស្រាប់ ផ្នែករោងចក្រ សហគ្រាស ដែលផលិតផលិតផល នាំចេញទៅក្រៅប្រទេស ហើយស្របជាមួយនេះ វិស័យកសិកម្ម និងទេសចរណ៍ ក៏មានការរីកចម្រើនដែរនោះ ។
ក្នុងជំនួបជាមួយក្រុមធុរជនប្រទេសចិន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកវិនិយោគិននានា ជាពិសេសអ្នកវិនិយោគិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមកទល់ពេលនេះ ខេត្តមានអ្នកវិនិយោគិនចិន ប្រមាណជាង៩៥ភាគរយ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ទន្ទឹមនឹងការចាប់អារម្មណ៍នេះ មានអ្នកវិនិយោគជាច្រើន បានចាញ់បោកឈ្មួញកណ្តាល ក្នុងការដាក់លុយឱ្យទិញដី រត់ការឯកសារគតិយុត្តផ្សេងៗ ហើយក្រោយទទួលបានលុយកាក់ ឈ្មួញកណ្តាលទាំងនោះ ក៏បានគេចខ្លួនបាត់ ដែលទីបំផុតបន្ទុកទាំងអស់ ត្រូវបានធ្លាក់មកលើអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយ ។
ជាមួយនេះ អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ដើម្បីបញ្ជៀសនូវហានិភ័យនេះ គប្បីអ្នកវិនិយោគិនទាំងអស់ ទំនាក់ទំនង់ដោយផ្ទាល់មករដ្ឋបាលខេត្ត ឬមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានជាក់លាក់ ជុំវិញការដាក់ទុនទីតាំងវិនិយោគ ហើយមួយវិញទៀត ការទំនាក់ទំនងផ្ទាល់មកអាជ្ញាធរ ឬអង្គភាពពាក់ព័ន្ធ គឺមានសុវត្ថិភាពគ្រប់គ្រាន់ ជាពិសេសបានការណែនាំ និងចង្អុលបង្ហាញចំគោលដៅដែលអ្នកវិនិយោគចង់បាន ដោយក្នុងនោះ ក៏បានឱកាសក្នុងការជួយសម្របសម្រួល ជ្រោមជ្រែង និងលើកទឹកចិត្តពីគណៈបញ្ជាការឯកភាពខេត្តដោយផ្ទាល់ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសចំនួនជិត ១ ៦០០កន្លែង ហើយអាចផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ប្រមាណជាង ៣០ម៉ឺនកន្លែង ហើយកំពុងមានតម្រូវការកម្មករ និយោជិកបន្ថែមជាង ១ម៉ឺននាក់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវគមនាគមន៍ជាដើម ក៏មានការរីកចម្រើន អំណោយផលល្អ ដល់ការដឹកជញ្ជូនផលិតផល ទៅកាន់កំពង់ផែរខេត្តព្រះសីហនុ ៕អត្ថបទ បាន សុខរិទ្ធិ







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់