ព័ត៌មាន
រាជរដ្ឋាភិបាលបន្តអំពាវនាវដល់ពលរដ្ឋ និងនិស្សិតខ្មែរនៅតំបន់មជ្ឈិមបូព៌ាបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តអំពាវនាវដល់ពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅ និងសិក្សាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន សូមបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ក្នុងការតាមដានពីសុខទុក្ខ និងឆ្លើយតបសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាពរបស់ពួកគេ។
តាមព័ត៌មានដែលទទួលបានថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជារួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។
ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅ និងសិក្សា តាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន សូមបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។
ក្នុងករណីត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មាននានា សូមទាក់ទងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជា តាមទូរស័ព្ទ ដូចខាងក្រោម៖
១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (នាយកដ្ឋានកុងស៊ុល) + 855 12 652 497 ឬ 087 999 988
២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ + 90 534 459 9689
៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត + 965 960 58678
៤. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប + 20 115 627 9999 ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ គឺមានរយៈពេល១២ថ្ងៃហើយ ក្រោយអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដែលបានបណ្តាលឲ្យអ្នកស្លាប់ជាច្រើនជាបន្តបន្ទាប់ ក្រោយសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានេះកើតឡើង ប្រុមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទៅដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងសិក្សានៅតាមប្រទេសនានាក្នុងតំបន់នេះ និងត្រូវឆ្លើយតបបន្ទាប់បើសិនជាមានតម្រូវការ៕





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន16 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន