ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត
ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលពីធីបុណ្យនេះ ធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី១៣ ដល់ទី១៤ ខែមីនា ឆ្នាំ២០២៦ ។
សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងគោលបំណង ដើម្បីលើកឡើងអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរចំនួន ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេស ជាងបណ្តាប្រទេសពុទ្ធសាសនិក នៅលើពិភពលោកទាំងអស់ ។ ចំពោះលក្ខណៈពិសេសត្រង់ថា ដោយប្រទេសទាំងនោះ មានត្រឹមតែភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរ បានរៀបចំឱ្យមានទាំងភាសាដើម គឺមគធៈភាសា ឬភាសាបាលី និងភាសាខ្មែរ ហើយលើសពីនេះទៅទៀតនោះ លក្ខណៈពិសេសរបស់គម្ពីរព្រះត្រៃបិដកខ្មែរ គឺមានភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង គឺមានទាំងគ្រប់សន្លឹក និងគ្រប់ទាំង ១១០ភាគ ។ មួយវិញទៀត ការររៀបចំពិធីរំព្ញកព្រះឧបការគុណនេះ គឺជាការបំពេញនូវកិច្ចកតញ្ញូ ចំពោះលោកអ្នកប្រាជ្ញបុព្វការីជនរបស់យើង ដែលធម៌កតញ្ញូនេះ ជាកំពូល នៃធម៌មួយក្នុងចំណោមបី ហៅថា ត្រៃកូដធម៌ គឺខន្តិ សច្ចៈ កតញ្ញូ ខណៈពូជសាសន៍ខ្មែរ គឺជាពូជសាសន៍ថ្លៃថ្នូរខ្ពង់ខ្ពស់ មានអារ្យធម៌រុងរឿង ជាពិសេសសម័យមហានគរ នៃអាណាចក្រខ្មែរ ។
មិនត្រឹមតែប៉ុណ្ណោះ ស្នាព្រះហស្តរបស់ព្រះមហាសង្ឃរាជ ជួន ណាត គឺមានវចនានុក្រមខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិខ្មែរ បានសិក្សាស្រាវជ្រាវអក្សរ និងខ្លឹមសារពន្យល់ពាក្យខ្មែរជាច្រើន រួមទាំងសម្ដេចបានចងក្រងនូវសៀវ ភៅវេយ្យាករណ៍បាលី គហិបតិបិត្ត សាមណេរវិន័យ បាតិមោក្ខសង្ខេប កាព្យលោកធម៌ សុភមង្គលគាថាបថ្យាវត្ត អត្ថបទផ្សេងៗ ដែលចុះក្នុងទស្សនាវដ្តីកម្ពុជសុរិយា ពន្លឺពុទ្ធចក្រ និងសៀវភៅផ្សេងៗទៀត ។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន ស្ថាបនាព្រះហារ ស្ពានធំមួយ តូចមួយអំពីថ្ម សាលាបឋមសិក្សាបំពេញវិជ្ជា គិលានដ្ឋានមួយខ្នង និងមន្ទីរសម្ភពមួយខ្នងធ្វើអំពីថ្ម និងកំពែងអំពីថ្មពទ្ធ័ជុំវិញ ។ ក្រៅពីនេះព្រះអង្គបានជួយឧបត្ថម្ភឱ្យអណ្តូងទឹក លើកទំនប់ទឹក និងស្ថាបនាអគារសាលារៀន និងមន្ទីរពេទ្យ ។ ជាពិសេស ស្នាព្រះហស្ថរបស់ព្រះអង្គ ដែលរំឭកឱ្យឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” សម្រាប់ភ្លេងជាតិខ្មែរ ។
គួរបញ្ជាក់ថា ទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ គឺមានរៀបចំកម្មវិធីដូចជា គឺនៅព្រឹកថ្ងៃទី១៣ ខែមីនា មានរៀបចំក្បួនធម្មយាត្រាដង្ហែព្រះត្រៃរ័ត្ន ក្នុងក្រុងសៀមរាប, ពេលរសៀលជួបជុំព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទ សមាជិក សមាជិកា អង្គពិធីប្រគំតន្ត្រីកំដរពិធី ដោយសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌, មានកម្មវិធីចម្រើនព្រះបរិត្ត, ការអានព្រះរាជជីវប្រវត្តិសង្ខេប សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត, កម្មវិធីសម្ដែងព្រះធម៌ទេសនា, ពេលល្ងាចមានកម្មវិធីសមាធិ ហើយនៅពេលរាត្រីមានសិល្បៈចាប៉ីដងវែង ។ សម្រាប់កម្មវិធីឈានដល់ព្រឹកថ្ងៃទី១៤ ខែមីនា គឺមានពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៥០អង្គ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឧទ្ទិសបុណ្យព្រះរាជកុសលថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ ។


































-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់