ព័ត៌មាន
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ជំរុញឱ្យកម្ពុជា និងដាណឺម៉ាក់ ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យកម្ពុជា និងដាណឺម៉ាក់ ពង្រីកទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត ខណៈនៅឆ្នាំក្រោយ គឺជាខួប ៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលនឹងមានការរៀបចំនូវកម្មវិធីនានាដើម្បីអបអរសាទរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតជូនឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយ ឯកឧត្តម ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ប្រចាំនៅកម្ពុជា ហើយសម្ដេចតេជោ សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក់នឹងកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំរបស់ឯកឧត្តមឯកអគ្គរាជទូតថ្មីនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមកដែលមានភាពល្អប្រសើរ ដោយសង្ឃឹមថានៅឆ្នាំក្រោយដែលជាខួប ៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក់ ប្រទេសទាំងពីរនឹងមានការរៀបចំនូវកម្មវិធីនានាដើម្បីអបអរសាទរនៃខួប ៦០ឆ្នាំដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ បានសម្ដែងនូវការអរគុណជាអនេកចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា នៅក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជានេះនឹងខិតខំប្រឹងប្រែងនូវក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក់ ឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខណ្ឌនៃកាទូត នយោបាយ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ដោយសម្ដេចឯកភាពទៅលើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក់ ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យមានភាពល្អប្រសើរ និងមានការកើនឡើងឱ្យស្របទៅនឹងទំនាក់ទំនងនយោបាយ និងការទូតរវាងប្រទេសទាំងពីរដែលមានជាមួយគ្នា។
សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក់នៅមានសក្ដានុពលជាច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកជាមួយគ្នា ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចនេះ។
ក្នុងឱកាសនោះសម្ដេចតេជោក៏បានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកំពុងកើតមាន ឡើង ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលបានកើតឡើងនាពេលកន្លងមក ហើយមកដល់ពេលនេះភាគីទាំងពីរកំពុងតែអនុវត្តនូវបទឈប់បាញ់។ សម្ដេចតេជោ ក៏បានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ភាគីកម្ពុជារក្សានូវជំហរគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយការចរចា និងសន្ដិវិធី។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតក៏បានពេញចិត្តចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្ដិវិធី៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់