ព័ត៌មាន
កម្ពុជា-អូស្រ្តាលី បើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET តាមរយៈភាពជាដៃគូបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ហៅកាត់ថា អេស ខេមបូឌា ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី ហើយគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។

ថ្លែងក្នុងពិធីសម្ពោធនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរហូតសម្រេចបានសមិទ្ធផលថ្មីនេះ ដោយឯកឧត្តមសង្កត់ធ្ងន់ថា ការបង្កើតបាន និងបើកឱ្យដំណើរជាផ្លូវការ អេស ខេមបូឌា នាថ្ងៃនេះ គឺមិនត្រឹមតែជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលីប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃភាពជាដៃគូរវាងភាគីទាំងពីរ ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមចក្ខុវិស័យដ៏មុតស្រួច និងវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច សម្តេច បានរំលឹកឡើងវិញថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ថា “ប្រជាជន” គឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា អេស ខេមបូឌា នឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ហើយមានគោលបំណងលើកកម្ពស់ស្តង់ដា ពង្រឹងការត្រៀមខ្លួនចូលធ្វើការ និងណែនាំវិធីសាស្ត្រ “រៀនផង ធ្វើការផង” ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន ៥ ដូចជា៖ (១) ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី, (២) នវានុវត្តន៍ និងគម្រោងសាកល្បង, (៣) ការបំប្លែងឌីជីថលក្នុង TVET, (៤) ការសម្របសម្រួលគោលនយោបាយ និង(៥) ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់ BKI និងបច្ចេកវិទ្យាឧស្សាហកម្មទំនើបរបស់ RMA, កម្ពុជាមិនត្រឹមតែបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតមជ្ឈមណ្ឌលគំរូសម្រាប់នវានុវត្តន៍ក្នុងការវិភាគវិនិច្ឆ័យ, យានយន្តអគ្គិសនី និងសុវត្ថិភាព ហើយក៏ធានាថា សិស្សបញ្ចប់ការសិក្សាមានភាពត្រៀមខ្លួនសម្រាប់ការងារតាំងពីថ្ងៃដំបូង។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តសង្កត់ធ្ងន់ថា តាមរយៈផ្លែផ្កានៃកិច្ចសហការនេះ យើងនឹងរួមគ្នាបង្កើតប្រព័ន្ធ TVET ជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្មជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជាជាមួយនឹងទំនុកចិត្តដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

លោកស្រី Bridget Collier ក៏បានចាត់ទុកមជ្ឈមណ្ឌលនេះ គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពមនុស្ស ខណៈពេលដែលកម្ពុជាកំពុងបន្តរីកចម្រើន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់ជាងមុន ហើយតម្រូវការកម្លាំងពលកម្មជំនាញ ក៏ក្លាយជាកត្តាស្នូលកាន់តែសំខាន់សម្រាប់ការសម្រេចបំណងអភិវឌ្ឍរបស់ខ្លួន។

លោកស្រី Sharan Burrow ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងលោក វ៉ាន់ វិចិត្រ ដេវីត នាយកមជ្ឈមណ្ឌល អេស ខេមបូឌា សុទ្ធតែបានសង្កត់ធ្ងន់ទៅលើភាពជាដៃគូនៃកិច្ចសន្ទនា ដែលនាំឱ្យមានសមិទ្ធផលនេះ ដែលអូស្រ្តាលីពិតជាមានមោទនភាពដែលបានរួមចំណែកបង្កើតឡើងដែលនឹងគាំទ្រដល់សិស្សរាប់ពាន់នាក់នៅក្នុងឆ្នាំខាងមុខ ក្នុងការកសាងជំនាញ ពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្ត និងវិស័យផលិតកម្មកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោកស្រី Bridget COLLIER, លោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, ក្រុមហ៊ុន RMA Cambodia, មូលនិធិអភិវឌ្ឍជំនាញ និងដៃគូដទៃទៀត ចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការវិនិយោគលើគំរូភាពជាដៃគូរដ្ឋ-ឯកជន នេះឡើង (PPP) ដែលជួយបង្កើនភាពធនសម្រាប់សេដ្ឋកិច្ចកម្ពុជា៕














-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់