ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ធ្វើទស្សនកិច្ចទៅទីភ្នាក់ងារអវកាសជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន
ទីក្រុងតូក្យូ៖ ឆ្លៀតក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី២នៃក្រុមប្រទេសជាមិត្ត (Friends Group) នៃ “ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត” (Hiroshima AI Process) នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញទៅធ្វើទស្សនកិច្ចការងារ នៅទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agency) ដើម្បីស្វែងយល់អំពីការអភិវឌ្ឍនិងការប្រើប្រាស់អវកាស ជាពិសេសផ្កាយរណប ដែលជាផ្នែកមួយកំពុងជឿនលឿននៃបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថល។
ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានទទួលជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុនជប៉ុនចំនួន៣ គឺក្រុមហ៊ុន Nippon Koei ក្រុមហ៊ុន Magna Wireless និងក្រុមហ៊ុន NextMake។ ក្រុមហ៊ុន Nippon Koei ជាក្រុមហ៊ុនសិក្សារៀបចំផែនការមេ (Master Plan) នៃគម្រោងសួនឌីជីថល (Digital Park) ជូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រុមហ៊ុននេះ មានប្រវត្តិទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា ដោយបានទទួលគ្រឿងឥស្សរិយយសពីព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៥៨ ក្នុងការចូលរួមអភិវឌ្ឍផ្លូវទឹកនិងផ្លូវដែកនៅកម្ពុជា។ រីឯក្រុមហ៊ុន Magna Wireless ជាក្រុមហ៊ុនផលិតគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ រួមមានឧបករណ៍ប្រើបច្ចេកវិទ្យាទូរគមនាគមន៍ចល័តជំនាន់ទី៥ (5G) ដែលមានឡេតថិនស៊ីទាប (low-latency) សឺមីកុងឌុចទ័រ និងបន្ទះឈីប។ កិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុន Magna Wireless មកដាក់ទីតាំងក្នុងសួនឌីជីថលនៅកម្ពុជា។ ចំពោះជំនួបជាមួយក្រុមហ៊ុន NextMake គឺដើម្បីពិភាក្សាការងារលើការរៀបចំបញ្ជូននិស្សិតជំនាញឌីជីថល ជំនាន់ទី១ ដែលចេះភាសាជប៉ុន មកធ្វើការងារនៅប្រទេសជប៉ុនក្រោមកម្មវិធី IT Pathway ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យឌីជីថលរវាងកម្ពុជានិងជប៉ុន ដែលមានការរីកចម្រើនជាលំដាប់ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍនិងប្រើប្រាស់អវកាស ការវិនិយោគក្នុងវិស័យឌីជីថល ទូរគមនាគមន៍ ធនធានមនុស្សឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់