ព័ត៌មាន
អភិបាលខេត្តកណ្ដាល ណែនាំដល់ប្រជាពលដ្ឋឱ្យមានការប្រុងយ័ត្នខ្ពស់ ចំពោះការជួលកន្លែងស្នាក់ដល់ជនបរទេស
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលស្នើរដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។
មានប្រសាសន៍ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ១២,៤២៥បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ១២ភូមិ ស្ថិតនៅក្នុងស្រុកកៀនស្វាយខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះថា៖ អជ្ញាធរតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online បញ្ហាជួញដូរមនុស្សជាដើម។ ឯកឧត្តមបានអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិកកលនៃការបោកប្រាស់ ការលួងលោមគ្រប់រូបភាពពីជនឧក្រិដ្ឋដែលមានបំណងក្នុងការឆបោកជួញដូរមនុស្ស ករណីសង្ស័យត្រូវពិគ្រោះនិងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយអន្តរាគមន៍ កុំបណ្ដោយឱ្យកូនចៅរបស់យើងរងគ្រោះដោយការឆបោក។ ឯកឧត្តមបានបន្ថែមថា ចំពោះបញ្ហាគ្រឿងញៀន សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនសូមប្រើប្រាស់កម្មវិធី App Nodrug ដើម្បីរាយការណ៍អំពីសកម្មភាពបទល្មើសគ្រឿងញៀនមកកាន់សមត្ថកិច្ច ដើម្បីបង្ក្រាបបានទាន់ពេលវេលាដោយរក្សាការសម្ងាត់ជូន។ ដោយឡែកចំពោះបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងស្រុកកៀនស្វាយ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលើចិញ្ចើមផ្លូវ សូមបញ្ឈប់ការតយ៉ាប ការសង់រោង ការលក់ដូរលើចិញ្ចើមផ្លូវ មុនពេលអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើនាពេលខាងមុខ ការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនេះ គឺមានសារៈសំខាន់ណាស់ ក្រុមការងារជួយសម្រួលការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងលើសោភ័ណ្ឌភាពតាមដងផ្លូវ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយ សូមគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ធ្វើឱ្យដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។
អត្ថបទ៖ សៅ យ៉ម៉ង់








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់