ព័ត៌មាន
អាជ្ញាធរភ្នំពេញ៖ម្ចាស់ទីតាំងជួលនានាបើព្រងើយកន្តើយមិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅទេនឹងប្រឈមទោសទណ្ឌធ្ងន់ធ្ងរ
ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ម្ចាស់ទីតាំងជួលនានាបើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ។
ការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខណៈលោក និងលោក ឆាយ វីរៈ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ និងអគារសហកម្មសិទ្ធិ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោក ហ៊ុន សុរិទ្ធី បានថ្លែងថា គ្រប់ម្ចាស់ទីតាំងដែលត្រូវជួលឱ្យជនបរទេសស្នាក់នៅត្រូវតែពង្រឹងលើការគ្រប់គ្រង ដើម្បីសន្តិសុខ និងសុវត្ថិភាពសង្គម។ ការស្នាក់នៅរបស់ជនបរទេសទាំងអស់ត្រូវមានលិខិតស្នាមបញ្ជាក់ឱ្យបានត្រឹមត្រូវ ចំពោះអ្នកណាម្នាក់ត្រូវជាសាច់ញាតិដែលចង់មកលេងក៏ត្រូវទាមទារលិខិតឱ្យបានច្បាស់លាស់ផងដែរ ធ្វើយ៉ាងណាត្រូវតែអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
លោក ហ៊ុន សុរិទ្ធី បន្ថែមថា ប្រសិនបើមានការធ្វេសប្រហែសលើការគ្រប់គ្រងជនបរទេសបង្កឱ្យមានបញ្ហានឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ព្រោះឈានដល់ដំណាក់កាលនេះ មិនមែនត្រូវអប់រំណែនាំទៀតទេ ត្រូវតែប្រឈមមុខច្បាប់។ អ្វីដែលអនុវត្តនេះ មិនមែនសំដៅដាក់គំនាប គាបសង្កត់ទៅលើម្ចាស់ទីតាំងទេ អាជ្ញាធរធ្វើនេះក្នុងន័យថា ធ្វើយ៉ាងណាធានាបានថា ទីតាំងទាំងអស់មិនមានបទល្មើសលួចលាក់នៅខាងក្នុង។ អភិបាលរងរាជធានីគូសបញ្ជាក់ថា ការឱ្យម្ចាស់ទីតាំងរាយការណ៍អំពីជនបរទេសស្នាក់នេះ ក្នុងគោលបំណងបញ្ចៀសធ្វើយ៉ាងណាកុំឱ្យម្ចាស់ទីតាំងទទួលរងទុក្ខទោស និងការផាកពិន័យ។
យោងតាមមាត្រា ១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ គឺម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ចរាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា ២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់