ព័ត៌មាន
ក្រសួងសុខាភិបាល ជំរុញឱ្យទន្តពេទ្យលើកស្ទួយសុខុមាលភាព និងធានាស្តង់ដារគុណភាពជូនអ្នកជំងឺ
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យទន្តបណ្ឌិត ទន្តពេទ្យ បង្កើនគុណភាព និងសមត្ថភាព ហើយត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តបន្ទាប់ទាំងបច្ចេកវិទ្យាថ្មីៗ ពីបណ្តារៀមច្បងដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពឱ្យកាន់តែខ្ពស់ និងឱ្យកាន់តែសុក្រិត្យ។
ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅក្នុងពិធីបើកសន្និសីទ និងការតាំងពិព័រណ៍ធ្មេញលើកទី២៤ នៃសមាគមទន្តសាស្ត្រកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ«កំណើនវិទ្យាសាស្ត្រ ក្នុងវិស័យទន្តសាស្ត្រ នាសម័យ ទំនើប» កាលពីព្រឹកថ្ងៃទី១៩ ខែមីនានេះ បានមានប្រសាសន៍ថា ចំពោះក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ទន្តបណ្ឌិត និង ទន្តពេទ្យ ត្រូវតែគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ គ្រប់ប្រភេទ គឺកុំរើសអើងថា អ្នកមាន ឬអ្នកក្រ ហើយត្រូវគិតថា ការឈឺចាប់របស់អ្នកជំងឺ គឺជាការឈឺចាប់របស់ពេទ្យ ហើយការពាអតិថិជន តាមរយៈការលើកស្ទួយសុខុមាលភាព និងធានានូវស្តង់ដាគុណភាព គឺជាការចាំបាច់។
ឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងបន្តថា សន្និសីទនាថ្ងៃនេះ ក៏ជាសក្ខីភាពបង្ហាញថា សមាគមទន្តសាស្ត្រកម្ពុជា បានអនុវត្តបានល្អនូវការសាមគ្គី ការសហការគ្នាល្អ ការអប់រំ ជួយបណ្តុះបណ្តាលបន្ត និងការចែករំលែកនូវចំណេះដឹងថ្មីៗ ដែលមានកំណើនវិទ្យសាស្ត្រជាសាកលដោយបន្តនិរន្តរភាពជារៀងរាល់ឆ្នាំ ចំពោះទន្តបណ្ឌិតទូទាំងប្រទេសកម្ពុជា។ ចំពោះវត្តមានសាស្ត្រាចារ្យបរទេស ដែលអញ្ជើញមកពីទីជិតឆ្ងាយចូលរួម ជាការឆ្លុះបញ្ចាំងពីឆន្ទៈ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យទន្តសាស្ត្រកម្ពុជា។
ទន្ទឹមនេះ ទន្តបណ្ឌិត តាក រ៉ាណុច និពន្ធនាយកសមាគមទន្តពេទ្យកម្ពុជា បានឱ្យដឹងថា សន្និសីទជាតិ ស្តីពី កំណើនវិទ្យាសាស្រ្ត ក្នុងវិស័យទន្តសាស្រ្ត នាសម័យទំនើប ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់អត្ថប្រយោជន៍សម្រាប់សមាជិក សមាជិការ របស់សមាគម ក្នុងការសិក្សាស្វែងយល់បន្ថែម ទាក់ទងនឹងកំណើនវិទ្យាសាស្រ្ត លើវិស័យទន្តសាស្រ្តនេះ ដើម្បីជំនួយក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាពជូនដល់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។
លោកប្រធានសមាគម បានបញ្ជាក់ថា វិស័យទន្តសាស្រ្តកម្ពុជាទទួលបានអ្នកជំងឺជាតិ និងអន្តរជាតិមកទទួលសេវាព្យាបាលយ៉ាងច្រើន ដោយសារតែវិស័យនេះ បាននិងកំពុងមានការរីកចំរើនយ៉ាងខ្លាំង ព្រមទាំងមានឧបករណ៍ និងសម្ភារៈព្យាបាលទំនើបមកពីបរទេស ពោលគឺ អ្វីដែលគេមាន នៅកម្ពុជាក៏មាន អ្វីដែលគេអាចធ្វើបាន នៅកម្ពុជាក៏អាចធ្វើបាន និងមានគុណភាពសុវត្ថិភាពថែមទៀត៕
អត្ថបទ៖ ឈិត បូរ៉ាវី











-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់