ព័ត៌មាន
អ្នកនាំពាក្យ៖ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឬ «នគរសង្ក្រាន» ខាងមុខនឹងផ្សារភ្ជាប់ ជាមួយ វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន» ដែលនឹង ចូលមកដល់នាពេលខាងមុខនេះ នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ដោយបានរម្លឹកប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធី«នគរសង្ក្រាន»ឆ្នាំនេះថា ទោះបីជាពេលនេះ ប្រទេសយើងកំពុងជួបប្រទះការបំពានលើបូរណភាពទឹកដីនៅទីតាំងមួយចំនួនតាមព្រំដែនជាមួយថៃ ក៏ប៉ុន្តែ អ្វីៗមិនត្រូវគាំងដំណើរទៅមុខលែងរួចនោះឡើយ។ ខណៈដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាតាមមធ្យោបាយការទូតយ៉ាងសកម្ម សកម្មភាពវប្បធម៌ សង្គម សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃត្រូវតែមានដំណើរទៅមុខជានិច្ចឥតឈប់ឈរ ពោលគឺយើងមិនត្រូវផ្តេកផ្តួលលើបញ្ហាព្រំដែនហើយធ្វើឱ្យដំណើរក្នុងវិស័យផ្សេងៗទៀតជាប់គាំងនោះឡើយ។
ឯកឧត្តមអ្នកនាំពាក្យបន្តថា និយាយជារួម កម្មវិធី«នគរសង្ក្រាន» គឺជាឱកាសបង្ហាញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោមស្មារតីនៃ«ការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ» គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវជំហរឥតងាករេរបស់ខ្លួនគឺ ដំណើរឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។
ឯកឧត្តមបន្តថា មុននឹងប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី នឹងមានការរៀបចំបង្ហាញកម្មវិធី«នគរសង្ក្រាន»នេះជូនបងប្អូនជនភៀសសឹកដើម្បីជម្រាបជូនពួកគាត់ឱ្យបានដឹងអំពីការរៀបចំកម្មវិធី«នគរសង្ក្រាន»ក៏ដូចជាដើម្បីបង្ហាញថា ទាំងអស់គ្នាដែលនៅសមរភូមិក្រោយមិនដែលបំភ្លេចបងប្អូនភៀសសឹកនោះឡើយ។
ទន្ទឹមនឹងនេះ ស.ស.យ.ក. បានរៀបចំយុទ្ធនាការ«១ម៉ឺនក្រមានិងបណ្ណជូនពរដើម្បីវីរកងកម្លាំងជួរមុខ» ក្នុងគោលបំណងបង្កើតជាវេទិកាជូនសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ដែលហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។ បើតាមឯកឧត្តម ហ៊ុន ម៉ានី គ្រប់ផលិតផលរបស់ ស.ស.យ.ក រាប់ទាំងវត្ថុអនុស្សាវរីយ៍នានាដែលត្រូវដាក់លក់ក្នុងឱកាសនោះ សុទ្ធតែមាននិមិត្តរូបផ្សារភ្ជាប់នឹងវីរយុទ្ធជនជួរមុខ ហើយថវិកាដែលប្រមូលបានក៏នឹងត្រូវបញ្ជូនទៅឧបត្ថម្ភវីរកងកម្លាំងជួរមុខនិងពលរដ្ឋភៀសសឹក។ ជារួម ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះគឺជាការបង្ហាញស្មារតីជាតិក្នុងនាមជាខ្មែរក្នុងអត្ថន័យ មិនភ្លេចវប្បធម៌ ប្រពៃណី សាសនា ដែលជាទំនាមទម្លាប់ពីដូនតា និងមិនភ្លេចបងប្អូនជនភៀសសឹក និងវីរយុទ្ធជនជួរមុខ។
សូមបញ្ជាក់ថា តាមប្រសាសន៍ណែនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ នឹងមិនអនុញ្ញាតឱ្យលេងល្បែងបាញ់ទឹក និងប៉ាតម៉្សៅដូចឆ្នាំមុនៗឡើយ ពោលគឺកម្មវិធីត្រូវប្រារព្ធធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែង របាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជួរមុខ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។ ចំណែកថវិកាដែលទទួលបាននឹងត្រូវចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។ ដូច្នេះ កម្មវិធី «នគរសង្ក្រាន» ឆ្នាំនេះមិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរកងកម្លាំងជួរមុខក្នុងការការពារបូរណភាពទឹកដីក៏ដូចជាការចែករម្លែកក្តីស្រឡាញ់ និងការរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមជាយដែនផងដែរ៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦