ព័ត៌មាន
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល នៅក្រុងបាត់ដំបង ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាលមកពីសាលាបឋមសិក្សាចំនួនប្រាំ ស្មើនឹងចំនួន ៣ ៣៩០នាក់ ដោយមានទាំងការបណ្ដុះបណ្ដាលអំពីការថែទាំសុខភាពបឋមដល់លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅបន្តអប់រំសុខភាពដល់សិស្សានុសិស្ស។ កម្មវិធីពិនិត្យព្យាបាលនេះ ប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សារំចេក៣ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.» តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ជាកិច្ចចាប់ផ្តេីម ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកគ្រូ អ្នកគ្រូ ក្មួយៗដែលមកទទួលសេវានាឱកាសនេះ។ ឯកឧត្ដមវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា សមាគម TYDA ដឹកនាំដោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត អស់រយៈពេល១៤ឆ្នាំមកហើយ ប្រកបដោយក្តីស្រឡាញ់យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ឯកឧត្តមវេជ្ជបណ្ឌិតបានដឹកនាំគ្រូពេទ្យជិត ៣០០នាក់ ចុះមកព្យាបាលជំងឺទូទៅ ជំងឺភ្នែក ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជំរុញ លើកកម្ពស់សុខភាពសហគម ជាពិសេសគឺការបង្ខិតសេវាសុខភាពមកកៀកផ្ទះប្រជាពលរដ្ឋតែម្តង។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន «គ.វ.អ.» សូមកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើនឆ្នាំកន្លងមកនេះ មិនថាព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា នៅក្នុងការអនុវត្តការងារ លេខាធិការដ្ឋាននេះដើរតួនាទីជាសេនាធិការរបស់ (គ.វ.អ.) ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ ការអប់រំតាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សានិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៍ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ រចនាសម្ព័ន្ឋលេខាធិការដ្ឋាន (គ.វ.អ) រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ។ ឯកឧត្តមបណ្ឌិត បានបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការអនុវត្តការងារនេះ និងជាពិសេសគឺការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជាតិ និងការថែរក្សាសន្តិភាពយ៉ាងរឹងមាំពិតប្រាកដរបស់ជាតិ។

លោកគ្រូអ្នកគ្រូដែលជាគណៈគ្រប់គ្រងសាលាបឋមខាងលើ សូមគោរពថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ TYDA ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដោយចាត់អោយក្រុមគ្រូពេទ្យជំនាញ ចុះមកព្យាបាលជំងឺជូនសិស្សានុសិស្សដល់សាលារៀន ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសហគមន៍ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី។
សូមជម្រាបថាសកម្មភាពពិនិត្យ និងព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនៅថ្ងៃនេះ សរុបចំនួន ៣ ៣៩០នាក់ ក្រោមជំនួយឧបត្ថមដោយផ្ទាល់ និងទាំងស្រុងពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត។ ក្នុងថ្ងៃនេះដែរក៏មានការអប់រំ និងបណ្ដុះបណ្ដាលអំពីការថែទាំសុខភាពបឋម ដល់លោកគ្រូ អ្នកគ្រូ ចំនួន ៥០នាក់ ដេីម្បីយកទៅអប់រំសុខភាពបន្តដល់សិស្សានុសិស្ស៕
















-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង