ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព
តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។

សម្តេចធិបតីក៏បានសម្តែងនូវការអបអរសាទរជាមួយបងប្អូនជនរួមជាតិ ទាំងអស់ នាឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញ ដោយប្រជាជន» (Yes! We can End TB! Led by countries. Powered by people.)។ ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យ បានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ការផ្សព្វផ្សាយជូន ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។
សម្តេចធិបតីបានបន្តថា ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ សូមសម្តែងនូវសេចក្តីរីករាយជាអនេកប្បការ ដែលព្រះរាជាណាចក្រកម្ពុជាយើង បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់រយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពីប្រមាណ២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ ប្រសើរនេះបានកើត ចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីក សេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំង ថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ។
យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ។ ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ១៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលមាន អត្រាធ្លាក់ចុះស្មើនឹង៧៨%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ ៦៨% ផងដែរ។
តាមរយៈសារដដែល សម្តេចធិបតីបានបញ្ជាក់ថា ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង កម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះតម្រូវឱ្យយើងត្រូវ បង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចធិបតីបានអះអាងថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងសង្កត់ធ្ងន់ឱ្យ ពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នា ត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប៕ អត្ថបទ៖ វង្ស សុភាព




-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង