ព័ត៌មាន
ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែងហើយមានសភាពធ្ងន់ធ្ងរ
ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយមានតំណាងមកពីចិន និងឥណ្ឌា ជាសហប្រធាន។

ឯកឧត្តមបានឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន៖បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក រួមទាំងប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ១៥៨រូប។ កិច្ចប្រជុំនេះគឺដើម្បីតាមដាននិងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។

ឯកឧត្តមអ្នកនាំពាក្យឱ្យដឹងថាអង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ និងផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការ ICC-ព្រះវិហារ ក៏បានបំពេញទស្សនកិច្ច និងពិភាក្សាការងារអភិរក្សនិងជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមីនា ឆ្នាំ២០២៦ ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ និងផលប៉ះពាល់លើវិស័យទេសចរណ៍និងសហគមន៍ ដើម្បីរៀបចំរបាយការណ៍ និងអនុសាសន៍ សម្រាប់កិច្ចប្រជុំ ICC-ព្រះវិហារ។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការយូណេស្កូ និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទី១ ក្នុងខែមីនា តាមការអញ្ជើញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោក។ គោលបំណងនៃបេសកកម្មនេះគឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តល់យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពេលវែង ស្របតាមគោលបំណងរបស់អនុសញ្ញាបេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។ របាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសកកម្មផ្តល់យោបល់បច្ចេកទេសដែលធ្លាប់បានអនុវត្តកន្លងមក។

អ្នកនាំពាក្យបញ្ជាក់ថា៖«សហប្រធានចិននិងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធានទាំងពីរបានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ»។
បើតាមអ្នកនាំពាក្យ អង្គប្រជុំក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានាដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា៖ អនុវត្តការងារបន្ទាន់មួយចំនួនដូចជាការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ, ការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល និងការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។
សូមរម្លឹកជូនថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីស្ថានភាពខូចខាតរមណីយដ្ឋានប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងនោះមានទាំងការខូចខាតប្រាង្គប្រាសាទ និងតំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគីរីស្វារៈផងដែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្តល់ការគាំទ្រចំពោះវិធានការបន្ទាន់នានាសំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម និងគាំទ្រដល់ការអភិរក្សបន្ត និងជួសជុលស្តារប្រាសាទឡើងវិញ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ អនុសញ្ញា និងពិធីសារក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបានបង្កើតឡើងសម្រាប់ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរពនិងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសាកល៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦