ព័ត៌មាន
កម្ពុជានឹងប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិ និងជាទីក្រុងធំមួយក្នុងតំបន់អាស៊ាន
កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ជាប៉ូលអភិវឌ្ឍន៍ជាតិ ជាពិសេសការប្រែ ក្លាយទៅជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតង ប្រកបដោយចីរភាព, ចម្រុះវប្បធម៌, និងឆ្លាតវៃ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅថ្ងៃ ទី ៩ ខែ កក្កដា ឆ្នាំ ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី៣ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្ម ភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ ។ នេះគឺជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ «ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ សំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និង ការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព។

ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលមានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុរួមមាន៖ ជាច្រកទ្វារអន្តរជាតិ របស់ប្រទេសកម្ពុជា, ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទិក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិ។ ជាប៉ូលអភិវឌ្ឍន៍ជាតិ, ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា, និងជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព ចម្រុះវប្បធម៌ និងឆ្លាតវៃ ។
ដើម្បីសម្រេចបានចក្ខុវិស័យនេះ, «ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» នឹង អនុវត្តជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ “២០២៥-២០២៨”៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធ ពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការធ្វើឱ្យប្រសើរឡើង នូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ។ ដំណាក់កាលទី២ “២០២៩-២០៣៨”៖ ខេត្តព្រះសីហនុនឹង ពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុង ឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព៕

អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ