ព័ត៌មាន
កម្ពុជាដាក់ឱ្យដំណើរការកម្មវិធីរួម WISE ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងថាមពលកកើតឡើងវិញដែលធន់នឹងអាកាសធាតុ
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមមានយូនីសេហ្វ (UNICEF) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីរួមស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ (WISE) ដែលជាកម្មវិធីហិរញ្ញប្បទានចម្រុះដ៏លេចធ្លោមួយ ដើម្បីពន្លឿនការទទួលបានសេវាទឹកស្អាតដែលមានសុវត្ថិភាព និងធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។

ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ កម្មវិធី WISE បង្ហាញគំរូហិរញ្ញប្បទានឈានមុខមួយ ដែលរួមបញ្ចូលមូលធនពាណិជ្ជកម្ម និងមូលធនមានការប្រាក់ទាប ជាយន្តការហិរញ្ញប្បទានចម្រុះវិលជុំ ផ្តោតលើការធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឆ្លាតវៃដែលធន់នឹងអាកាសធាតុ។
តាមរយៈការរួមបញ្ចូលកច្ចីសម្បទាន និងកម្ចីពាណិជ្ជកម្ម យន្តការនេះជួយកាត់បន្ថយថ្លៃដើមនៃកម្ចី សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ទាំងប្រតិបត្តិករទឹកស្អាតឯកជន ស្ថាប័នហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា។ ជំនួយនេះមានសារសំខាន់ណាស់ ដោយសារកុមារកម្ពុជាប្រមាណ ១,៩ លាននាក់ (ជាងមួយភាគបីនៃកុមារកម្ពុជា) កំពុងរស់នៅក្នុងឃុំដែលប្រឈមនឹងហានិភ័យអាកាសធាតុខ្ពស់ រួមទាំងគ្រោះរាំងស្ងួត និងទឹកជំនន់ញឹកញាប់ ព្រមទាំងសេវាទឹកស្អាត និងអនាម័យ នៅមានកម្រិតនៅឡើយ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ប្រតិបត្តិករទឹកស្អាតឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ប្រតិបត្តិករទាំងនោះនៅបន្តមានបញ្ហាប្រឈម ក្នុងការទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ។ កម្មវិធី WISE គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិរបស់យើង ដើម្បីធ្វើទំនើបកម្មវិស័យទឹកស្អាត ពង្រីកការទទួលបានទឹកស្អាត និងជំរុញការប្តេជ្ញាចិត្តរបស់យើងលើបញ្ហាអាកាសធាតុ។ តាមរយៈការនាំយកនវានុវត្តន៍ ការវិនិយោគ និងចីរភាពរយៈពេលវែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់កម្ពុជា ភាពជាដៃគូជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានេះ រំពឹងថានឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង ២០០.០០០ នាក់នៅទូទាំងប្រទេស។”

លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា “ការទទួលបានសេវាទឹកស្អាតដែលធន់នឹងអាកាសធាតុ គឺជារឿងចាំបាច់សម្រាប់សុខុមាលភាពគ្រួសារ ព្រមទាំងសុខភាព និងការសិក្សារបស់កុមារ។ តាមរយៈកម្មវិធី WISE នេះ កម្ពុជាកំពុងចាត់វិធានការយ៉ាងមុតមាំ ដើម្បីធានាថាកុមារ និងក្រុមគ្រួសារ ជាពិសេសអ្នកដែលនៅតំបន់ឆ្ងាយ ទទួលបានអត្ថប្រយោជន៍ពីទឹកស្អាតដែលមានថ្លៃសមរម្យ និងមានចីរភាព ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តាមរយៈយូនីសេហ្វ និង UNCDF រីករាយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដៃគូរបស់យើង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ដែលជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងពង្រឹងភាពធន់របស់សហគមន៍នៅទូទាំងប្រទេស។”
កម្មវិធីនេះគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (ទឹកស្អាត និងអនាម័យ) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ (សកម្មភាពអាកាសធាតុ) តាមរយៈការកៀរគរការវិនិយោគឯកជនលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដើរដោយថាមពលកកើតឡើងវិញ ជាពិសេសការបូមទឹកដោយថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាគ្រប់គ្រងទឹកស្អាតបែបឌីជីថល។
កម្មវិធី WISE នឹងដំណើរការក្រោមគណៈកម្មការដឹកនាំថ្នាក់ជាតិ ដើម្បីធានាបាននូវភាពជាអ្នកដឹកនាំដ៏រឹងមាំដោយរាជរដ្ឋាភិបាល និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC)៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់