ព័ត៌មាន
ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធារបស់ខ្លួនប្រចាំស្ថានទូតឥណ្ឌានៅកម្ពុជា
ភ្នំពេញ ៖ ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធារបស់ខ្លួនប្រចាំស្ថានទូតឥណ្ឌានៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗ នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ នេះជាការបញ្ជាក់របស់ឯកឧត្តម Shri P. Kumaran, Secretary ទទួលបន្ទុកតំបន់ ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Shri P. Kumaran, Secretary ទទួលបន្ទុកតំបន់ ខាងកើត នៃក្រសួងការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Shri P. Kumaran ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង នឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ ពាណិជ្ជកម្ម និងវប្បធម៌ដ៏សម្បូរបែបរវាង កម្ពុជា និងឥណ្ឌា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណនិងលើកឡើងពីការរួមចំណែកដ៏មានតម្លៃរបស់ឥណ្ឌា ក្នុងការជួយអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អស់រយៈពេល ច្រើនឆ្នាំកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះទ្វេភាគីលើកទី៣ ថ្នាក់រដ្ឋមន្ត្រីការបរទេស នឹងអាចប្រព្រឹត្តទៅក្នុងពេលដ៏ឆាប់ខាងមុខ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការបន្តពង្រឹងទំនាក់ទំនង បន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៧៥ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសកម្មភាព និងកម្មវិធីនានារួមគ្នា ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ។
ជាមួយនឹងការកត់សម្គាល់ពីសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិង ប្រជាជន ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធាន មនុស្ស។ ភាគីឥណ្ឌា ក៏បានជម្រាបពីការបើកការិយាល័យអនុព័ន្ធយោធារបស់ខ្លួនប្រចាំស្ថានទូតនាពេលឆាប់ៗ នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ឯកឧត្តម Shri P. Kumaran បានសំដែងក្តីរីករាយចំពោះការរីកចម្រើនភាពជាដៃគូ និងបានអះអាង ជាថ្មីពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា រួមទាំងតាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាព ព្រំដែនកម្ពុជា-ថៃ ជូន ឯកឧត្តម Shri P. Kumaran ផងដែរ៕ អត្ថបទ៖ វង្ស សុភាព




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់