ព័ត៌មាន
រាជរដ្ឋាភិបាល សម្រេចកាត់ចំណាយ៣០ភាគរយសម្រាប់បេសកកម្មក្នុង និងក្រៅប្រទេស, ចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលគ្រប់ក្រសួងស្ថាប័ន
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ឆ្នាំ២០២៦, កាត់ ព្យួរឥណទានចំណាយ ប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន៣០% គ្រប់ក្រសួង-ស្ថាប័ន រួមទាំងស្ថាប័នកំពូល។
ក្នុងសារាចរ បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន, ដើម្បីធានាបាន នូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, សូមដាក់ចេញនូវវិធានការ វិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិផ្នែកចំណាយមិនមែនបន្ទុកបុគ្គលិករបស់ក្រសួង ស្ថាប័ន ថ្នាក់កណ្តាល សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ដូចខាងក្រោម៖
១- ការធ្វើវិចារណកម្មចំណាយមិនមែនបន្ទុកបុគ្គលិករបស់ក្រសួង ស្ថាប័ន ថ្នាក់កណ្តាល
កាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន ៣០% នៃឥណទានសរុបរបស់ គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នកំពូល រួមមាន : ព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) ក្នុងគោលដៅរក្សា ឥណទានទុកសម្រាប់យថាហេតុដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែមសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី, ជាគោលការណ៍ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខ សាធារណៈ) ត្រូវប្រើប្រាស់ប្រេងឥន្ធនៈ ត្រឹមកម្រិតឥណទានដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦ តែប៉ុណ្ណោះ ដោយពុំមានការបន្ថែមថវិកាជូនទេ, លើកលែងតែមានតម្រូវការពិសេសដូចបានគូសរំលេចខាងលើ។
– កាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងចំណាយបេសកកម្មក្រៅប្រទេសចំនួន ៣០% នៃឥណទានសរុបរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នកំពូល រួមមាន : ព្រឹទ្ធសភា, រដ្ឋសភា និង ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងស្មារតីនេះ, គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវ ការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាម ប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់បំផុតប៉ុណ្ណោះ។ ចំពោះការចូលរួមកិច្ចប្រជុំនានា នៅ ក្រៅប្រទេស, ស្នើក្រសួង ស្ថាប័ន ផ្អាកការចូលរួមក្នុងកិច្ចប្រជុំដែលពុំសូវចាំបាច់, ហើយក្នុងករណីចាំបាច់ ខានមិនបាន ដែលតម្រូវ ដែលតម្រូវឱ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំ, ក្រសួង ស្ថាប័ន គប្បីស្នើសុំទៅក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ ចូលរួម កិច្ចប្រជុំនោះ ជំនួសវិញ។ ក្នុងន័យនេះ, ចំពោះការចូលរួមកិច្ចប្រជុំជាលក្ខណៈរូបវ័ន្តនៅក្រៅប្រទេស ស្នើក្រសួង ស្ថាប័ន ជ្រើសរើសតែកិច្ចប្រជុំដែលមានលក្ខណៈយុទ្ធសាស្ត្រ និងចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ។
– ទន្ទឹមនេះ, ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ក្រសួង ស្ថាប័ន ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ដោយបង្វែរថវិកាពីចំណាយមិនសូវចាំបាច់ ឬលែងចាំបាច់ ទៅមុខចំណាយដែលចាំបាច់ខ្លាំង ព្រមជាមួយការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ។
២- ស្ថាប័ន និងអង្គភាព ដែលត្រូវបានលើកលែងការធ្វើវិចារណកម្មចំណាយ
ការធ្វើវិចារណកម្មព្យួរឥណទានចំណាយ ត្រូវបានលើកលែងចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាល, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, សាលាឧទ្ធរណ៍តំបន់ទាំង ៤, មន្ទីរជំនាញរាជធានី ខេត្ត, និងមុខងារដែលបានប្រគល់ដោយមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទោះជាយ៉ាងនេះក្តី, ស្ថាប័ន និងអង្គភាពទាំងនេះ ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតីសន្សំសំចៃខ្ពស់ ដោយចៀសវាងការប្រើប្រាស់ខ្ជះខ្ជាយ និងប្រើប្រាស់មិនចំគោលដៅអាទិភាព ស្របតាមសារាចររបស់រាជរដ្ឋាភិបាល។ លើសពីនេះ, ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមាន ក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ព្រមជាមួយ ការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ ដូចក្រសួង ស្ថាប័ន ថ្នាក់កណ្តាល ផងដែរ។
ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា វិធានការធ្វើវិចារណកម្មព្យួរឥណទានចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយដែលបានដាក់ចេញនេះ ត្រូវបានគិតគូររៀបចំក្នុងក្របខ័ណ្ឌនៃការធានាប្រក្រតីភាពនៃស្ថាប័នរដ្ឋ រក្សាបាននូវគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល និងក្នុងស្មារតីធានាឱ្យបាននូវការរក្សាតុល្យភាព និងប្រសិទ្ធភាពថវិកាឆ្នាំ ២០២៦។




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់