ព័ត៌មាន
ស៊ីម៉ាក់ និង NPA ធ្វើសិក្ខាសាលាស្តីពី «គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series» ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ខណៈរបាយការណ៍បឋមបង្ហាញថាក្នុងសង្គ្រាមឈ្លានពានថៃបានប្រើគ្រាប់នេះប្រមាណ១៣ម៉ឺនគ្រាប់ស្មើនឹងកូនគ្រាប់បែកចង្កោមពី៦លានទៅ៧លានគ្រាប់
នៅព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសិទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Hans Peter Risser ប្រធានអង្គការ ជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) ប្រចាំកម្ពុជា បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ” គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series” សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦។ អ្នកចូលរួមក្នុងសិក្ខាសាលានេះ មានមន្រ្តីជំនាញអង្គភាព CMAC ចំនួន២៨រូប និងអង្គការដៃគូអន្តរជាតិសំខាន់ៗរួមមាន៖ អង្គការNPA, អង្គការGolden West និងអង្គការAPOPO ជាដើម។
អង្គភាព CMAC និងអង្គការ NPA បានសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសគ្រាប់បែកចង្កោមប្រភេទស៊េរី M ដែលរងផលប៉ៈពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន។ គ្រាប់បែកចង្កោមដែលទាហ៊ានសៀមបានប្រើប្រាស់បាញ់មកលើបូរណភាពទឹកដីកម្ពុជាមាន៣ប្រភេទសំខាន់គឺ M42 M46 និងM85 តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាពCMAC នៅតំបន់រងផលប៉ះពាល់ចំនួន៣៧១ ភូមិនៃខែត្រ៦តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ កំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ ៣,៦០០ ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ ២,៣៦០ គីឡូម៉ែត្រក្រឡា។ គ្រាប់បែកចង្កោមទាំងនេះបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិលនិងទីតាំងកងទ័ពជាដើម។
បើផ្អែកតាមលក្ខណៈបច្ចេកទេសនៃការស្រាវជ្រាវកំណត់អត្តសញ្ញាណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រភេទស៊េរី M នេះ អាចធ្វើការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ 155MM មានចំនួនប្រមាណ ១២០,០០០ទៅ ១៣០,០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមប្រមាណពី៦លានទៅ៧លានគ្រាប់។ ការស្រាវជ្រាវមូលដ្ឋានមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។
សូមបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទស៊េរីM មានប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជានៅលីបង់ ស៊ីរី អ៊ុយក្រែន និងយេមែនជាដើម។
សូមជម្រាបថា គំនិតផ្តួចផ្តើមនៃការរៀបចំសិក្ខាសាលានេះ បានកើតចេញពីការយល់ឃើញយ៉ាងច្បាស់ថា គ្រាប់បែកចង្កោមប្រភេទនេះ បន្តបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែង ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់រងផលប៉ះពាល់ ហើយអង្គភាពCMACក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល នឹងខិតខំបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដើម្បីធានាថាទឹកដីកម្ពុជាក្លាយជាតំបន់សុវត្ថិភាព ក្តីសង្ឃឹមនិងភាពរុងរឿង។


















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់