ព័ត៌មាន
កម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគាំទ្របោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះខណះទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះភាពជាដៃគូយូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ក៏ដូចជាគាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីឆ្នាំ២០២៤ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រពិភពលោកមួយដែលគ្មានមីន។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន។
ជាមួយនឹងសមិទ្ធផលទាំងនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានលេីកឡេីងនូវបញ្ហាប្រឈមនានាដែលកំពុងកេីតមានឡេីងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំង ក៏ដូចជាបានបន្សល់ទុកបន្ថែមដោយកម្លាំងយោធាថៃ កាលពីសង្រ្គាមកម្ពុជា-ថៃពីរលេីកក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។
ដេីម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ជូនគណៈប្រតិភូសហភាពអឺរ៉ុប ពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះសង្រ្គាម។ ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគាំទ្រដល់ការបោសសម្អាតមីនដែលទេីបស្រាវជ្រាវរកឃើញថ្មី និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ក្នុងសង្រ្គាមកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក Cosmin Dobran បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការសកម្មភាពសៀមរាប-អង្គរឆ្ពោះទៅរកពិភពលោកមួយគ្មានមីន ដែលកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤។ លោកបន្តទៀតថា សហភាពអឺរ៉ុប នឹងបន្តការប្តេជ្ញាចិត្តគាំទ្រដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ៕














-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់