ព័ត៌មាន
ដំណឹងល្អសម្រាប់អតីតពលករ! ក្រសួងការងារចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញ ចាប់ពីថ្ងៃនេះតទៅសូមមកចុះឈ្មោះដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ បន្ថែមពីរកការងារធ្វើជូនអតីតពលកររាប់សែនកន្លែង ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យអតីតពលករដែលមកពីប្រទេសថៃអាចចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(RPL)បានដោយឥតគិតថ្លៃ ដើម្បីទទួលស្គាល់បទពិសោធន៍ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការដែលមានសញ្ញាបត្រត្រឹមត្រូវ និងងាយស្រួលក្នុងការស្វែងរកការងារ និងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ។ នេះជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។
លោក ស៊ុន មេសា បញ្ជាក់ថា៖« រដ្ឋផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃព្រោះរាល់ការចំណាយជាបន្ទុករបស់រដ្ឋ។ នេះគឺជាឱកាសដ៏ល្អរបស់បងប្អូនអតីតពលករដែលអាចមកចុះឈ្មោះនៅថ្ងៃទី២៥ ខែមីនានេះនៅតាមសាលាទាំង៩ របស់យើង ដើម្បីទទួលបានការបញ្ជាក់ជាផ្លូវការសម្រាប់បងប្អូនយកទៅបង្ហាញជូននិយោជកអំពីសមត្ថភាពរបស់ខ្លួន និងកាន់ងាយស្រួលក្នុងការស្វែងរកការងារ ព្រមទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន»។
លោកបន្តថា បន្ថែមពីលើការផ្តល់ការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗបានជាង ៣៣ម៉ឺននាក់ និងការងារក្នុងការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និងកន្លែងលក់រាយបានជាង ៣២ម៉ឺននាក់ ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករមកពីប្រទេសថៃដោយផ្តើមចេញពីវិស័យសំណង់មុន លើ៨ មុខជំនាញ ដែលជាយន្តការទទួលស្គាល់បទពិសោធន៍និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការ ដើម្បីបងប្អូនអាចបង្ហាញជូននិយោជកអំពីសមត្ថភាពរបស់ខ្លួន និងកាន់តែងាយស្រួលក្នុងការស្វែងរកការងារ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ ការធ្វើតេស្តនឹងចាប់ផ្តើមនៅរៀងរាល់ពេលចុងសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះតទៅ នៅតាមមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៩ ដែលមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។ ជំនាញដែលត្រូវធ្វើតេស្តទាំង ៨នោះរួមមាន ១. ការងារកំបោរ(រៀបឥដ្ឋនិងបូក) ២. ការងារការ៉ូ ៣. ការដំឡើងពុម្ព ៤. ការដំឡើងបណ្តាញបំពង់ទឹក ៥. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៦. ការងាររន្ទា ៧. ការដំឡើងសរសៃដែក ៨. ការផ្សារអគ្គិសនី។
សូមបញ្ជាក់ថា ក្រៅពីការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈផ្នែកកសិកម្ម ដែលមានរយៈពេល ១សប្តាហ៍ និងផ្នែកសេវាកម្ម ដែលមានរយៈពេល ១ខែ នៅតាមសហគមន៍ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃផងដែរ។
យ៉ាងណាក៏ដោយ ដើម្បីភាពងាយស្រួល លោក ស៊ុន មេសា បានស្នើឱ្យបងប្អូនអតីតពលករដែលមានបំណងចង់ធ្វើតេស្តទទួលស្គាល់ជំនាញពីមុនផ្នែកសំណង់អាចទាក់ទងមកប្រព័ន្ធឆ្លើយតបបន្ទាន់(Hotline)១២៩៧ ឬចុះឈ្មោះតាមប្រព័ន្ធអនឡាញ https://erpl.mlvt.gov.kh ឬស្កែនឃ្យូអរកូដដើម្បីចុះឈ្មោះ៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់