ព័ត៌មាន
សម្តេចប្រធានសភាកម្ពុជាបានដឹកនាំគណៈប្រតិភូដល់ប្រទេសថៃ ដោយសុខសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីម្ចាស់ផ្ទះ
នៅពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋសភាថៃដឹកនាំដោយ ឯកឧត្តម ភិជិត ឈួមួងផាន់ ( Pichet Chuamuangphan) អនុប្រធានទី២ នៃសភាតំណាងរាស្រ្តថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។ ជាមួយគ្នានោះ ក៏មានវត្តមានឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្រ្តីស្ថានទូតជាច្រើនរូបទៀតផងដែរ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសថៃ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយថែមទៀត។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរក៏នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) រវាងរដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-ថៃ សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រទេសនិងប្រជាជនទំាងសងខាង៕








អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ