ព័ត៌មាន
បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង នៅអគារខុនដូ ប្រូវេន (PROVANCE) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទHotline និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបទល្មើសចំនួន ៣ ករណី រួមមាន៖
ករណីទី១: សមត្ថកិច្ចបានសង្គ្រោះបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេអូសទាញមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរបន្តទៅគោលដៅផ្សេង។
ករណីទី២: ឃាត់ខ្លួនបុរសជនជាតិចិន ៤ នាក់ និងដកហូតសម្ភារៈបច្ចេកទេសជាច្រើន រួមមាន៖ ទូរស័ព្ទដៃ ១២៧ គ្រឿង, CPU ២ គ្រឿង, Monitor ២ គ្រឿង និងកុំព្យូទ័រ All In One ៤ គ្រឿង។ តាមរយៈការធ្វើកោសល្យវិច័យ បង្ហាញថាពួកគេបានបង្កើត “ស្ទូឌីយោក្លែងក្លាយ” និងក្លែងអត្តសញ្ញាណ ដើម្បីធ្វើសកម្មភាពឆបោកតាម Online។
ករណីទី៣: រកឃើញជនបរទេសស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវសរុបចំនួន ១២ នាក់ (ប្រុស) ដែលមានសញ្ជាតិចិន និងវៀតណាម។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងចាត់វិធានការតាមជំហានបន្ទាប់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។
ជាមួយច្បាប់នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត