ព័ត៌មាន
ក្រុមការងាររដ្ឋសភា និងរាជរដ្ឋាភិបាល ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលមានឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណ:កម្មការ តំណាងលោកជំទាវ និន សាផុន ប្រធានគណ:កម្មការទី៩ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការ រដ្ឋសភាថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសនេះ មាន ៣មាត្រា ដែលគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាស ពីថ្ងៃទី១០ ដល់ទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេស។

ព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាម៉ុងរ៉េអាល់នេះ តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ប៉ុន្តែ មិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ ប្រទេសក្នុងតំបន់អាស៊ី ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាម៉ុងរ៉េអាល់ ឆ្នាំ១៩៩៩ រួមមានហ្វីលីពីន (ឆ្នាំ២០១៥) ថៃ (ឆ្នាំ២០១៧) ឥណ្ឌូណេស៊ី(ឆ្នាំ២០១៧) វៀតណាម (ឆ្នាំ២០១៨) ស្រីលង្កា (ឆ្នាំ២០១៩) និងព្រុយណេ (ឆ្នាំ២០២០)។
អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ជាអនុសញ្ញាអន្តរជាតិមួយដែលគ្រប់គ្រងនិងដឹកនាំការទទួលខុសត្រូវ របស់សហគ្រាសដឹកជញ្ជូនចំពោះការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញជាអន្តរជាតិតាមផ្លូវអាកាស ក្នុងករណី ដូចជា មរណភាព ការរងរបួស ឬការពន្យារពេលចំពោះអ្នកដំណើរ ការពន្យារពេល ការបាត់បង់ ឬការខូចខាតចំពោះអីវ៉ាន់របស់អ្នកដំណើរ ឬការខូចខាតទំនិញជាដើម។
អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ នឹងត្រូវជំនួសឱ្យបទប្បញ្ញត្តិទាំងឡាយពាក់ព័ន្ធនឹងរបបនៃការទទួល ខុសត្រូវរបស់សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែលមានចែងនិងអភិវឌ្ឍចាប់តាំងពីមានអនុសញ្ញា វ៉ាសូវីឆ្នាំ១៩២៩កន្លងមក និងថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនឡើងថែមទៀត សម្រាប់អ្នកដំណើរនិងអីវ៉ាន់ ចំពោះករណី ដូចបានជម្រាបជូនខាងលើ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្រៅពីអត្ថប្រយោជន៍សម្រាប់អ្នកដំណើរនិងអីវ៉ាន់ ការផ្តល់សច្ចាប័នលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដែរ ដូចជា បានបង្ហាញពីសុច្ឆន្ទៈនិងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានាជំរុញការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរ តាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន។ ផ្តល់ទំនុកចិត្ត កាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិ តាមផ្លូវអាកាស។ ផ្តល់ភាពងាយស្រួលនិងជំរុញការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាស តាមរយៈការប្រើប្រាស់ អញ្ញត្តិបណ្ណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាទម្រង់អេឡិចត្រូនិក ស្របតាមបរិបទនៃបរិវត្តកម្ម ឌីជីថល។
ក្រោយពីបានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក៏ដូចជាស្ដាប់ការបកស្រាយ ពន្យល់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រួចមក ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំធ្វើសេចក្តីព្រាងច្បាប់នេះឡើងរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍ស៊ីវិលជាតិ និងអន្តរជាតិ។
ក្នុងនាម គណៈកម្មការជំនាញរដ្ឋសភា ឯកឧត្តម បានគំាទ្រសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីនោះទេ និងបានបញ្ជាក់ថា ដោយពិនិត្យឃើញពីសារ:សំខាន់ នៃសេចក្តីព្រាងច្បាប់ខាងលើនេះ គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាព និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕


អត្ថបទ ៖ BTV NEWS
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ