Connect with us

ព័ត៌មាន

មូលនិធិកេរតំណែលតំបន់ទេសភាពបន្តគាំទ្រការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា

លោកស្រី Stefanie Lang នាយិកាប្រតិបត្តិ និងជាប្រធានប្រតិភូ មូលនិធិកេរតំណែលតំបន់ទេសភាព (Legacy Landscapes Fund – LLF) បានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការធានាការពារព្រៃឈើប្រកបដោយនិរន្តរភាព។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលលោកស្រី និងប្រតិភូរួមជាមួយអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI Cambodia) បានទទួលការអនុញ្ញាតិជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

លោកស្រី Stefanie Lang បានបញ្ជាក់បន្ថែមថា មូលនិធិកេរតំណែលតំបន់ទេសភាព បន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាព តំបន់ការពារធម្មជាតិ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលនយោបាយនិងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ និងមុតស្រួច និងក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើការដាំដើមឈើ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានច្រើន និងគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្នុងការគ្រប់គ្រងធនធានធម្មជាតិ កម្ពុជាបាននិងកំពុងអនុវត្តផែនការជាតិរួមចំណែក ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDC3.0) និងជំរុញការអនុវត្តគម្រោងរឥណទានកាបូន ស្របតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីពង្រឹងការអភិរក្សនិងពង្រីកគម្របបៃតង ដើម្បីទាញយកឥណទានកាបូន ផ្អែកលើការការពារធម្មជាតិ និងការជំរុញការដាំស្តារព្រៃ តាមបច្ចេកទេសទំនើប ដូចជាគម្រោងប្រើប្រាសដ្រូនក្នុងការសាបគ្រាប់ឈើ ឬការដាំដុះឬស្សីជាដើម។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែម ពីការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ជួយឱ្យសហគមន៍អាចគ្រប់គ្រង និងទាញផលប្រយោជន៍ផ្ទាល់ ពីការអភិរក្សព្រៃឈើ នៅក្នុងតំបន់របស់ខ្លួន និងគាំទ្រការងារអភិរក្សនៅតំបន់ទេសភាពសំខាន់ៗ ជាពិសេសក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យមាការគាំទ្រពីដៃគូ ការដាំស្មៅយក្សជាមួយសហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីអាចជួយការពារព្រៃឈើ និងជួយបង្កើនជីវភាពសហគមន៍ ដោយសារតម្រូវការពីរោងចក្រនិងឧស្សហកម្មនានា នៅពេលខាងមុខ។

សូមបញ្ជាក់មូលនិធិ LLF បាននិងផ្តល់ការគាំទ្រថវិកា ក្នុងទំហំទឹកប្រាក់ប្រមាណ ១លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេលយ៉ាងតិច ១៥ឆ្នាំ ដល់កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងការធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ ស្តារប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រើសជីវភាពរស់នៅ ប្រកបដោយចីរភាពសម្រាប់សហគមន៍មូលដ្ឋាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia