Connect with us

ព័ត៌មាន

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ

ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំ និងសមាជិកសភា ព្រមទាំងវាគ្មិនអន្តរជាតិ ក្នុងតំបន់អាស៊ាន ដែលត្រូវអញ្ជើញមកចូលរួមសិក្ខាសាលាសភាថ្នាក់ជាតិ ស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលសភាកម្ពុជាធ្វើជាម្ចាស់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ។

សម្តេចប្រធានបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភាតំបន់ គឺជាកត្តាកំណត់វាសនារួមដ៏សំខាន់បំផុត ក្នុងសមរភូមិប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ ព្រោះថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនេះបានដោយម្នាក់ឯងបាននោះឡើយ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បន្ថែមទៀតថា បញ្ហានៃការប្រែប្រួលអាកាសធាតុលែងជាក្តីបារម្ភដោយឡែកពីគ្នានៃប្រទេសសមាជិកអាស៊ានណាមួយទៀតហើយ ក៏ប៉ុន្តែវាគឺជាបញ្ហាប្រឈមបន្ទាន់ និងជាវិបត្តិអាកាសធាតុ ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅ សេដ្ឋកិច្ច និងសន្តិសុខរបស់មនុស្សជាតិនៅទូទាំងតំបន់អាស៊ានទាំងមូលរបស់យើង។

សម្តេចបានគូសបញ្ជាក់ថា បើគ្មានកម្លាំងសាមគ្គី និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអាស៊ានទេនោះ យើងក៏មិនអាចសម្រេចបាននូវអនាគតមួយដែលប្រកបដោយនិរន្តរភាពនោះបានដែរ។សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តឱ្យមានការធ្វើសកម្មភាពសម្របសម្រួលរួមគ្នាប្រកបដោយសាមគ្គីភាពក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងអស់ ដោយឈរលើគោលការណ៍រួមសំឡេងតែមួយ ទិសដៅតែមួយ និងឈរជាមួយគ្នានៅក្នុង «គ្រួសារអាស៊ានតែមួយ» ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់បន្ថែមដែរថា តំណាងរាស្ត្រមានភារកិច្ចគន្លឹះក្នុងការប្រែក្លាយការប្តេជ្ញាចិត្ត និងឆន្ទៈផ្នែកអាកាសធាតុឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង តាមរយៈមុខងារនីតិកម្ម (ការតាក់តែងច្បាប់) ការបែងចែកកញ្ចប់ថវិកាជាតិ ការត្រួតពិនិត្យ និងគណនេយ្យភាព។ ជាងនេះទៅទៀត ស្ថាប័នសភាត្រូវតែធានាឱ្យបានថា គោលនយោបាយអាកាសធាតុទាំងឡាយ ដែលបានអនុវត្ត ត្រូវផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋានពិតប្រាកដ និងធានាថា «គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ» នៅក្នុងអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងមានភាពធន់ខ្ពស់។

គួរជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ដែលសភាធ្វើកម្ពុជាធ្វើជាម្ចាស់ផ្ទះពេញមួយថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការជំនាញព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ ព្រមទាំងប្រតិភូអន្តរជាតិ រួមមាន ឯកឧត្តម អេឌី សូប៉ាណូ (Eddy Soeparno) អនុប្រធានសភាប្រឹក្សាយោបល់ប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី, លោកជំទាវ អាន់ណា វិចតូរីយ៉ា វេលូសូ-ទួនហ្សុន (Anna Victoria Veloso-Tuazon) អនុប្រធានគណៈកម្មាធិការពិសេសនៃរដ្ឋសភាហ្វីលីពិន រួមទាំងតំណាងជាន់ខ្ពស់ពីមូលនិធិអាកាសធាតុថារ៉ា (Tara Climate), ស្ថាប័ន Responsible Project Ventures, និងមន្ទីរពិសោធន៍ថាមពលអាស៊ី។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ,ប្រធានក្រុមអាយប៉ាជាតិនៃរដ្ឋសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia