ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុទៅបំពេញកាតព្វកិច្ចកងទ័ព អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុបំពេញកាតព្វកិច្ចកងទ័ព អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»។
សម្ដេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន ៩៦៦នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ គឺធ្វើឡើងដោយស្មើភាពគ្នាហើយចៅៗរបស់សម្តេចបានត្រៀមអនុវត្តដោយគ្មានការលើកលែងនោះទេ។
សម្ដេចតេជោ បានបន្តថា «ច្បាប់កាតព្វកិច្ចយោធានេះគឺមានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់ពីអាយុ១៨ឆ្នាំដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធាលើកលែងតែស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត»។
សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាមព្រះរាជត្រាសបង្គាប់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។
ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»នេះ ដែលមាន ៨ ជំពូក និង ២០ មាត្រា។ ច្បាប់នេះត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។
ជំពូកទី១ មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។
ក្នុងជំពូក១ មាត្រា២ នៃច្បាប់នេះ បានបញ្ជាក់ថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ក្នុងនោះការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត៕ អត្ថបទ៖ បាន ចក់
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់