Connect with us

ព័ត៌មាន

ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ សរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធ​នឹង​ករណី​បើក​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា។

ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល​​ នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការ​សម្រប​សម្រួល​នីតិ​វិធី​ច្បាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ។

ករណីទី១៖ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំង​ផ្ទះ​លេខ​៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួន ជនជាតិចិនតៃ វ៉ាន់​៦​នាក់( ស្រ្តី០១នាក់ ) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង , all in one ១គ្រឿង,monitor ៩​គ្រឿង និងធុង CPU ៤ ។

ករណី​ទី២៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមាន​ការ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ និងបង្ក្រាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ ទី​តាំង​នៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ជា​លទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន៥៥នាក់(ស្រី្ត០៥នាក់)និងដកហូតសម្ភារៈ All in One ចំនួន ៩៨ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥ គ្រឿង ,Monitor ចំនួន 0៩ គ្រឿង ,CPU ចំនួន ០៧ គ្រឿង ,ទូរស័ព្ទដៃ ចំនួន ១១៣ គ្រឿង ,ដុំ wifi ចំនួន ០៣ គ្រឿង ,ស៊ីម​កាត​បរទេស​មួយ​ចំនួន​។

តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់​ក្លែង​ក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ , អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និង​ទទួលបានការងារការងារ ដែលមានគោលដៅ កោះតៃវ៉ាន់ និងប្រទេសចិន។

បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែល​ដក​ហូត​បាន​ទាំង​អស់​ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និង​អនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការ​បង្ក្រាប​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍​ឈ្មោះ​ប្រទេ​ស​ជាតិ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia