Connect with us

ព័ត៌មាន

សម្ដេចធិបតី ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈ រដ្ឋបានចេញខាត ក្នុងមួយខែប្រមាណ៦០លានដុល្លារ

សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈជាសកលចាប់ពីខែមេសា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ក្នុងពេលភាពតានតឹងនៅមជ្ឈឹមបូព៌ា បានកើតឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលមានការវាយប្រហាររវាងអ៊ីរ៉ង់ ទល់នឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ បញ្ហានៅមជ្ឈឹមបូព៌ានេះ បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ហើយតាមរយៈវិបត្តិនេះ រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។ សម្ដេចធិបតីបានបន្ថែមថា ក្រៅពីនេះ រាជរដ្ឋាភិបាលតាមរយៈ អគ្គិសនីកម្ពុជា ក៏បានចេញខាតលុយប្រមាណ ៨០លានដុល្លារ ដោយសារមិនតម្លើងថ្លៃភ្លើង លើការប្រើប្រាស់របស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថារបស់ក្រសួងពាណិជ្ជកម្មកម្ពុជាស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ការអនុវត្តចាប់ពីម៉ោងតម្លៃប្រេងសាំងលក់ ៥ ២៥០រៀល/លីត្រ ចំណែក ប្រេងម៉ាស៊ូតលក់ ៥ ៣០០រៀល/លីត្រ។

តម្លៃនេះ បន្ទាប់ពី រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសស់រុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia