Connect with us

ព័ត៌មាន

សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត ដែលមានអ្នកចូលរួមប្រមាណជិតមួយពាន់នាក់។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីមូលដ្ឋាននៃរដ្ឋបាលខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង ផ្ដល់ភាពកក់ក្ដៅ ជួយទំនុកបម្រុងទាំងស្មារតី និងសម្ភារៈ ជូនចំពោះអតីតយុទ្ធជន និវត្តជន អតីតយុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដើម្បីកាត់បន្ថយកង្វល់ដល់គ្រួសារដែលជាយុទ្ធជនកំពុងជាប់បេសកកម្មនៅជួរមុខ។ សកម្មភាពនេះ សម្ដេចតេជោប្រធានបានហៅថាជាផ្នែកមួយដ៏សំខាន់ដើម្បីជួយពង្រឹងខឿនការពារជាតិ ដែលអ្នកសមរភូមិក្រោយបានជួយសម្រាលការលំបាករបស់អ្នកសមរភូមិមុខ។

សម្តេចតេជោមានប្រសាសន៍ថា៖ «ចំណុចនេះខ្ញុំធ្លាប់លើកឡើងរួចមកហើយ យើងត្រូវគ្រប់គ្រងឱ្យបានក្នុងមូលដ្ឋានរបស់យើង មានអតីតយុទ្ធជនប៉ុន្មាន? មាននិវត្តជនប៉ុន្មាន? ពីមុនយើងតែមានសមាគមអតីតយុទ្ធជនប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងឃើញថាមន្រ្តីរាជការចូលនិវត្តន៍ ក៏គាត់ត្រូវការលំនឹងមួយដែរ អីចឹងទើបយើងបានបង្កើតឱ្យមានលក្ខន្តិកៈថ្មីរបស់សមាគមដោយគ្រប់គ្រងទាំងអតីតយុទ្ធជន និងនិវត្តជន ជាមួយគ្នាតែម្ដង។ អីចឹងយើងត្រូវតែគ្រប់គ្រងពួកគាត់ មើលអ្នកណាមានដីអត់ផ្ទះ មានផ្ទះមិនសមរម្យ យើងត្រូ​វធ្វើម៉េច រៀបចំឱ្យគាត់មានផ្ទះសមរម្យ»។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា៖ «តាមខេត្តនីមួយៗ សុទ្ធតែមានផែនការធ្វើ អ៊ីចឹងត្រូវចេះប្រមូលគ្នាធ្វើចលនារួមគ្នាធ្វើ។ វាជាភព្វសំណាងមួយដែលយើងបានខិតខំធ្វើឱ្យប្រាក់បៀវត្សរ៍អ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយមានកម្រិតស្មើគ្នា។ អីចឹងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូញលនិវត្តន៍ទៅ ត្រូវជួយពួកគាត់ គាត់មិនត្រូវការអីហួសហេតុពីយើងទេ អ្វីដែលជាតម្រូវការរបស់គាត់គឺការរាប់អាន ទំនាក់ទំនងពីយើងទៅកាន់គាត់។ អ្នកចាស់ទុំពីជំនាន់មុន បានត្រួសត្រាយផ្លូវឱ្យយើងដើរ ពលិកម្មរបស់ពួកគាត់មិនត្រូវមើលរំលងដោយពួកយើងជំនាន់ក្រោយនោះទេ មិនថាពួកគាត់ជាអតីតទាហាន អតីតប៉ូលីសឡើយ»។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី​ ក៏បានមានប្រសាសន៍ឱ្យពិនិត្យលទ្ធភាពក្នុងការផ្ដល់លក្ខខណ្ឌពិសេសសម្រាប់កូនចៅអតីតយុទ្ធជនបានចូលរៀនក្នុងជួរកងទ័ព ព្រមទាំងមានប្រសាសន៍ណែនាំដល់សមាគម អមត គួរផ្ដល់អាហារូបករណ៍ជូនកូនចៅអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី និងយុទ្ធជននៅសមរភូមិមុខ បានចូលសិក្សារៀនសូត្រដើម្បីជួយឱ្យគ្រួសាររបស់ពួកគាត់មានលំនឹងនាពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន​ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការមិនយកចិត្តទុកដាក់ និងមិនខ្វាយខ្វល់ចំពោះអតីតយុទ្ធជន និវត្តជន គ្រួសារយុទ្ធជន គ្រួសារយុទ្ធជនពលី និងកូនចៅរបស់ពួកគាត់ នោះមិនមែនជាគោលនយយោបាយរបស់គណបក្សប្រជាជននោះទេ។ ចំពោះគោលនយោបាយដែលមន្រ្តីគណបក្សប្រជាជនកម្ពុជាត្រូវប្រកាន់ខ្ជាប់គឺត្រូវតែអនុវត្តឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកចូលនិវត្តន៍ និងចាស់ទុំជំនាន់មុនដែលជាអ្នកត្រួសត្រាយទុកឱ្យយើងអ្នកជំនាន់ក្រោយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia