Connect with us

ព័ត៌មាន

ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងន័យនេះ ឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងកិច្ចសហការក្នុងតំបន់។ ការបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួប ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបជាមួយឯកឧត្តម SHIMADA Tomoaki អនុរដ្ឋមន្ត្រី ការបរទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និង ជប៉ុន ដែលបានបន្តពង្រឹងលើគ្រប់វិស័យចាប់តាំងពីការតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៣។

ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានគូសបញ្ជាក់ពីវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រួមទាំងក្នុងការផ្លាស់ប្តូរកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ សកម្មភាពមីននិងជំនួយមនុស្សធម៌ ការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។

ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានវាយតម្លៃខ្ពស់សម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ជប៉ុនចំពោះការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការ កញ្ចប់សហបង្កើត សេដ្ឋកិច្ច ជប៉ុន-កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៥ ដែលជាក្របខ័ណ្ឌសំខាន់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការប្រែក្លាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងកញ្ចប់សហបង្កើតសេដ្ឋកិច្ច ឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនកម្ពុជា និងជប៉ុន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើព្រឹត្តិការណ៍ក្នុងតំបន់ផងដែរ ដែលក្នុងនោះ ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានពាំនាំនូវការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះជប៉ុនសម្រាប់ការគាំទ្រការដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ការអនុវត្តបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួន។ ឯកឧត្តមបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងអស់ ដែលមានស្រាប់ឲ្យបានពេញលេញ មានប្រសិទ្ធភាព និងដោយសុច្ឆន្ទៈ ដើម្បីសម្រេចបាននូវសន្តិភាព និង ស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិង ភាពជាដៃគូ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងតំបន់៕ អត្ថបទ៖វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia