ព័ត៌មាន
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តផ្សព្វផ្សាយនៅបរិវេណសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៨០០នាក់។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ណែនាំ និងបានជម្រាបជូនអង្គពិធីទាំងមូលអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋាន។ ក្នុងនោះ សម្រាប់វេទិកាខេត្តពោធិ៍សាត់នេះផ្ទាល់ បាននាំមកនូវឱកាសការងារភ្លាមៗចំនួន ១០ ៧៣២ កន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និងតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានថ្លែងអំពាវនាវដល់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋទាំងអស់ឱ្យពិចារណាចាប់យកការងារធ្វើក្នុងស្រុក ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់ ដែលកំពុងមានការរីកដុះដាលនូវបណ្តារោងចក្រ និងសហគ្រាសធំៗជាច្រើន។ ឯកឧត្តមបានគូសបញ្ជាក់ថា បន្ទាប់ពីចុះឈ្មោះធ្វើការងារស្របច្បាប់នៅទីនេះ បងប្អូនអតីតពលករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ឬប្រាក់រ៉ឺត្រែត ដូចមន្ត្រីរាជការដែរ ដែលយន្តការនេះជួយកាត់បន្ថយទាំងពេលវេលា និងថវិកាពលរដ្ឋក្នុងការដើររកការងារធ្វើ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឡេង សែ ក៏បានពន្យល់យ៉ាងក្បោះក្បាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីហានិភ័យនៃការចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការគាំពារផ្នែកច្បាប់។ ការធ្វើការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យបងប្អូនបានជួបជុំ និងថែទាំឪពុកម្តាយចាស់ជរា ក៏ដូចជាកូនតូចៗក្នុងបន្ទុកផងដែរ ខណៈបច្ចុប្បន្នប្រទេសយើងមានការងារធ្វើច្រើនកន្លែង ប៉ុន្តែជួបប្រទះការខ្វះខាតកម្លាំងពលកម្ម។ ប្រសិនបើយើងងាកមកប្រើប្រាស់កម្លាំងពលកម្មសកម្មទាំងនេះ ក្នុងការធ្វើការងារស្របច្បាប់ក្នុងស្រុកវិញ នោះនឹងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងករណីដែលមានបំណងចង់ទៅបំពេញការងារនៅក្រៅប្រទេស ដូចជាប្រទេសកូរ៉េ ជប៉ុន អូស្ត្រាលី ជាដើម ឯកឧត្តមបានក្រើនរំលឹកដល់ពលរដ្ឋ ឱ្យជ្រើសរើសតែក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីត្រឹមត្រូវប៉ុណ្ណោះ ចៀសវាងការចាញ់បោកក្រុមហ៊ុនខុសច្បាប់ ឬក្រុមហ៊ុនខ្សឹប ដោយបងប្អូនអាចធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
ក្រៅពីឱកាសការងារ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់យុវជន ឱ្យចាប់យកឱកាសមាសក្នុងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬកម្មវិធី TVET ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដ៏ធំស្កឹមស្កៃ ក្នុងគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ នេះជាកម្មវិធីអាទិភាពជាតិរបស់រាជរដ្ឋាភិបាល ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែលើជំនាញទីផ្សារជាច្រើន ដូចជាការជួសជុលម៉ាស៊ីនបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី សំណង់ ឆុងកាហ្វេ ដុតនំ សាឡន ផាត់មុខ អ៊ុតសក់ ធ្វើក្រចក និងផ្នែកសេវាកម្មជាដើម ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យនាពេលអនាគត។
សូមបញ្ជាក់ថា វេទិកាការងារដ៏មានសារៈសំខាន់នេះ ទទួលបានការសហការចូលរួមយ៉ាងពេញទំហឹងពីសំណាក់បណ្តារោងចក្រ សហគ្រាស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគម និងតំបន់សេដ្ឋកិច្ចពិសេសធំៗ រួមទាំង រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ, រោងចក្រ ញូ វ៉ាយ អឹភែរឹល, រោងចក្រ អខេធី, រោងចក្រ ស៊ិនគី អឹភឹរឹល, សិប្បកម្ម សាន ពៅ, រោងចក្រ មីនេបៀ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, សមាគម TAFTAC, តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ, តំបន់សេដ្ឋកិច្ចពិសេស ចេជាង គម្រោង២ ព្រមទាំងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជាក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មស្របច្បាប់ទៅបម្រើការងារនៅប្រទេសជប៉ុនផងដែរ៕










-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន5 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន5 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន5 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង