ព័ត៌មាន
គ្រូបង្រៀន និងសិស្សនិស្សិត ចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីជួយកុមារកម្ពុជា
ខណៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការ បានកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វិស័យឯកជន ក៏ដូចប្រជាពលរដ្ឋទូទៅបានចូលរួមគាំទ្រ។ ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើន បានបង្ហាញសកម្មភាពចូលរួមបរិច្ចាគជាថវិកាបន្តបន្ទាប់ ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា និងដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនាផងដែរ។
លោក ឈុន វណ្ណឡេង នាយករង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះថា ពាក់ព័ន្ធយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះ ជាពិសេសតាមរយៈមូលនិធិគន្ធបុប្ជាកម្ពុជា ទាំងថ្នាក់ដឹកនាំ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត តែងតែមានសកម្មភាពក្នុងការចូលរួម ដោយសារយុទ្ធនាការនេះ ពិតជាមានតម្លៃ និងគុណប្រយោជន៍ណាស់សម្រាប់ពលរដ្ឋខ្មែរគ្រប់រូបដែលត្រូវតែចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។
ស្របគ្នានេះ លោក ភេន សុផាត ដែលជាគ្រូបង្រៀន និងយុវជន ប៉ែន មករា តំណាងនិស្សិតនៃវិទ្យាស្ថានខាងលើនេះ បានបង្ហាញទស្សនៈថា រាល់ថ្ងៃនេះ បើគ្មានមន្ទីរពេទ្យកុមារគន្ធបុប្ជាទេ នោះកុមារ ពិសេសក្មេងៗមកគ្រួសារក្រីក្រ ក៏គ្មានសង្ឃឹមក្នុងការរស់នៅដែរ ដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យ និងព្យាបាលសុខភាព ខណៈជីវភាពមានខ្វះខាត។ ពួកគាត់ ក៏បានអំពាវនាវដល់សាធារណជនទូទៅទាំងអស់ ទាំងសប្បុរជននៅក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគជាថវិកាឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនរើសអើង និងដោយមិនគិតថ្លៃ។
នៅក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា បានថ្លែងថា ការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាសំខាន់គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈមាន សិស្ស និស្សិត មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន គ្រឹះស្ថានឯកជន និងសាធារណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ។ សូមរំលឹកទៀតថា បន្ទាប់ពីដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់នូវសេវាព្យាបាលប្រកបដោយគុណភាព និងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្ត្រីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ។ ដើម្បីលើកកម្ពស់ ជ្រោមជ្រែង និងបន្តបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ នៅឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តួចផ្តើមបង្កើត “មូលនិធិគន្ធបុប្ផា” ដែលជាមូលនិធិផ្លូវការតែមួយគត់ បើកទទួលមូលនិធិសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់