ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
ក្រចេះ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI និងសំណេះសំណាលជាមួយបងប្អូនកម្មករដែលកំពុងបម្រើការងារឱ្យក្រុមហ៊ុននៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម។
ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងឆ្នាំនេះ។ ទន្ទឹមនេះ ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា ការងារទាំងនេះកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញ និងបង្កបរិយាកាសអំណោយផលល្អសម្រាប់អ្នកវិនិយោគពីគ្រប់ប្រទេស ដើម្បីឱ្យបងប្អូនទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដ៏មានតម្លៃក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ។
ជាមួយនឹងប្រតិបត្តិការនៅប្រទេសវៀតណាម និងឡាវ ផងដែរ ក្រុមហ៊ុនពិតជាមានបទពិសោធល្អៗផ្នែកកសិ-ឧស្សាហកម្មប្រកបដោយបច្ចេកទេសទំនើប ហើយកំពុងតែនាំយកមកអនុវត្តនិងចែករំលែក ដែលពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ។
តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដែលផ្តោតលើ «ការអភិវឌ្ឍបុគ្គលិកមូលដ្ឋាន» ដើម្បីផ្ទេរបច្ចេកទេសនិងអភិវឌ្ឍបុគ្គលិកគ្រប់គ្រងបន្តវេន។ នៅពេលចូលធ្វើការ បងប្អូនក៏ទទួលបានការចុះកិច្ចសន្យាការងារយ៉ាងត្រឹមត្រូវ ហើយក្រុមហ៊ុនក៏បង់ជូនពេញលេញនូវភាគទាននៃរបបសន្តិសុខសង្គមលើផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកអាហារ ដោយបានរៀបចំផ្ទះបាយ ដើម្បីផ្តល់ជូនអាហារ ៣ពេល/ថ្ងៃ កន្លែងស្នាក់នៅ អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតដោយឥតគិតថ្លៃ ការពិនិត្យសុខភាពតាមកាលកំណត់ ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលបុគ្គលិកថ្មី បង្កើតហាងទំនិញ ផ្ទះថែទាំកុមារ (មត្តេយ្យកុមារ) និងបន្ទប់សង្គ្រោះបឋម នៅតាមកសិដ្ឋាននីមួយៗផងដែរ។ ក្រៅពីនេះក៏មានការរៀបចំសកម្មភាពផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីខួបកំណើត ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌ ព្រមទាំងការលេងកីឡាជាដើម។ ក្រោយពីធ្វើទស្សកិច្ចខ្សែច្រវាក់ផលិតផលរបស់ក្រុមហ៊ុន ឯកឧត្តមក៏បានឆ្លៀតពេលអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ និងក្មួយៗជាកូនសិស្សប្រកបដោយភាពស្និទ្ធស្នាលផងដែរ ដោយឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ធ្វើការងារនៅទីនេះ បងប្អូនកម្មករមិនមានកង្វល់ពីការខ្វះកន្លែងស្នាក់នៅ បញ្ហាសេវាសុខភាព និងសេវាអប់រំនោះទេ។
ឆ្លើយតបនឹងសំណូមពររបស់ក្រុមហ៊ុនពីកង្វះកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានណែនាំឱ្យបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្មករតាមរយៈវេទិកាការងារ ជាពិសេសផ្តោតលើខេត្តត្បូងឃ្មុំ ដោយរំលេចពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនដូចគ្នានឹងការងារនៅតាមរោងចក្រ សហគ្រាសផងដែរ។ ចំណែកឯការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញបន្ថែម គឺគួរធ្វើឡើងតាមរយៈកម្មវិធី TVET ១,៥លាននាក់ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន និងមន្ទីរការងារខេត្ត ដោយបញ្ជូនគ្រូមកបណ្តុះបណ្តាលនៅសាលាឯក្រុមហ៊ុនដោយផ្ទាល់ ហើយក្រសួងក៏នឹងពិចារណាចេញវិញ្ញាបនបត្រកម្រិត C1 C2 និង C3។
ឯកឧត្តមក៏បានជំរុញឱ្យមានការអនុវត្តគំរូ ការសិក្សាផ្អែកលើការងារ (WBL) នៅក្នុងក្រុមហ៊ុន ហើយបេឡាជាតិសន្តិសុខសង្គម និងអគ្គនាយកដ្ឋានការងារ ក៏គួរតែចុះដោយផ្ទាល់ធ្វើបណ្ណ ប.ស.ស. និងចេញសៀវភៅការងារ ដើម្បីសម្រួលដល់បងប្អូនកម្មករនិយោជិតផងដែរ។
ក្រុមហ៊ុន THACO AGRI បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រវិនិយោគដោយផ្អែកលើគោលការណ៍សរីរាង្គ និងមេត្រីភាពបរិស្ថានក្នុងទ្រង់ទ្រាយធំផ្នែកកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ ដំណាំហូបផ្លែ ជាពិសេសផ្លែចេក) សាងសង់រោងចក្រកែច្នៃ និងចិញ្ចឹមសត្វ កាលពីឆ្នាំ ២០១៩ លើផ្ទៃដីអាជីវកម្មជាង ៩ ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលក្នុងនោះ នៅកម្ពុជាមានផ្ទៃដីចំនួន ៤៣ ៧៦៤ហិកតា រួមមាន៖ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិកតា និងស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរីចំនួន ៣៣ ០៥៦ហិកតា។ ក្រុមហ៊ុននាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិទៅកាន់ប្រទេស ជប៉ុន ចិន និងហុងកុងជាដើម ។ជាមួយនឹងទស្សនវិស័យក្លាយជាក្រុមហ៊ុនកសិកម្មឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៧ ដោយពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េ តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល៕













-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS3 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 day agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព