ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤បានបន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា ក្នុងប្រតិបត្តិការរយៈពេល១ថ្ងៃនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន ៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.៣៥៤នាក់ (ស្រី ៣៨៣នាក់) ក្នុងនោះជនបរទេសចំនួន ១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជារួមក្រុមការងារពុំបានឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។
លោកស្រីអ្នកនាំពាក្យបន្តទៀតថា ដោយឡែកចំពោះខណ្ឌ៧មករា ក្រុមការងារបានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១ករណី នៅបន្ទប់លេខ២៦០៥ ជាន់ទី២៦ នៃអគារ Skyline B ស្ថិតនៅអគារលេខ៦ ផ្លូវលេខ ១៣៤ ភូមិ៣ សង្កាត់វាលវង់ មានសម្ភារដូចជា កុំព្យូទ័រ Laptop ចំនួន៤គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទដៃ ១៥គ្រឿង ប៉ុន្តែមិនមានមនុស្សស្នាក់នៅទេ។ រីឯនៅខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រុមការងារបានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំនៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP០៣ មានសម្ភារដូចជា ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (all in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ក្រោយការពិនិត្យរួច វត្ថុតាងរួមទាំងជនបរទេសដែលស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធី។ ក្នុងថ្ងៃជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក សរុបចំនួន ៤ទីតាំង មានមនុស្សចំនួន ៥នាក់ គិតជាថវិកាសរុបមានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀលគត់)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា











-
PR NEWS6 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន4 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង