Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

កំពង់ធំ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលកម្មវិធីក្នុងទីរួមខេត្តកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។

នៅក្នុងពិធីសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្តកំពង់ធំ ព្រមទាំងយោធាខេត្តកំពង់ធំ ដែលទទួលបន្ទុកលើការងារអតីតយុទ្ធជន ដែលតែងតែបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជនបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្ដេចតេជោប្រធានក៏បានមានប្រសាសន៍អំពាវនាវឱ្យមន្រ្តីក្នុងមូលដ្ឋាន ខេត្តកំពង់ធំទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី និងជាពិសេស គ្រួសារយុទ្ធជនដែលជាប់បំពេញបេសកកម្មនៅសមរភូមិមុខ។ សម្តេចតេជោ បន្តមានប្រសាសន៍ប្រាប់ថ្នាក់ដឹកថ្នាក់ខេត្ត និងមូលដ្ឋានទាំងអស់ ត្រូវសកម្មនៅក្នុងការងាររបស់ខ្លួន មន្រ្តីត្រូវរត់រកការងារកុំរង់ចាំការងាររត់មករក ព្រមទាំបានណែនាំដល់មន្រ្តីមូលដ្ឋានទាំងអស់គប្បីកុំទុកឱ្យប្រជនជនយើងណាម្នាក់ស្លាប់ដោយអត់បាយ ជាពិសេសកូនចៅក្រុមគ្រួសារអតីតយុទ្ធជន និងកងទ័ពជួរមុខនៅសមរភូមិ។

ក្នុងឱកាសនេះសម្ដេចចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏បានមានប្រសាសន៍ ឱ្យគិតគូរ ផ្ដល់ឱកាសចំពោះកូនចៅអតីតយុទ្ធជនបានចូលបម្រើការងារក្នុងជួរកងទ័ព ដើម្បីបំពេញបន្ថែមនូវចំនួនកងទ័ពអាជីពបម្រើការក្នុងវិស័យយោធា ដែលសម្ដេចបានហៅថានេះជាកោសិកាដ៏សំខាន់នៃគ្រឹះការពារជាតិ។ ជាការគួរកយ់សម្គាល់ ត្រង់ចំណុចនេះក្នុងខេត្តកំពង់ធំ កន្លងមកបានផ្ដល់ក្របខណ្ឌពិសេសជូនកូនអតីតយុទ្ធជនចំនួន ៣៨៣ នាក់ ក្នុងនោះស្រី ១២៣ នាក់។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះអតីតមន្រ្តីរាជការស៊ីវិលដែលចូលនិវត្តទាំងអស់ឱ្យបានល្អ ព្រមទាំងត្រូវឧស្សាហ៍ចុះសាកសួរសុខទុកអតីតចៅហ្វាយខេត្ត ចៅហ្វាយស្រុក អតីតមេឃុំ និងអតីតមន្ត្រីរាជការដែលចូលនិវត្តន៍ផង ដើម្បីបង្ហាញពីការដឹងគុណចំពោះមន្រ្តីចាស់ៗ និងផ្ដល់ភាពកក់ក្ដៅចំពោះពួកគាត់។

ចំពោះកិច្ចការគ្រប់គ្រងវិស័យអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ធំ មានអតីតយុទ្ធជនសរុបមានចំនួន ៤,០៣៩ នាក់ ក្នុងនោះបានចុះឈ្មោះចូលជាសមាជិក អ.ន.ក. សរុបចំនួន ៣,១៣០នាក់ ចំណែកអតីតមន្រ្តីរាជការស៊ីវិលចូលនិវត្តសរុបចំនួន ២,១០៦នាក់ (ស្រី ៦២០នាក់) ដែលកំពុងធ្វើបច្ចុប្បន្នភាពរៀបចំដាក់បញ្ចូលទៅក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការមើលការខុសត្រូវដោយផ្ទាល់របស់សម្ដេចតេជោប្រធានសមាគម។

សូមជម្រាបជូនថា វិស័យអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ធំ ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្រោមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដោយក្នុងនោះក្នុងក្របខណ្ឌអតីតយុទ្ធជន បានផ្ដល់បណ្ណ ប.ស.ស. និង ម.ស.ស. ជូនសមាជិកបានចំនួន ៤, ០៣៩នាក់, ផ្ដល់បណ្ណសមធម៌ ២០០ គ្រួសារ និង ៦គ្រួសារទៀតបាននិងកំពុងរៀបចំបែបបទស្នើសុំ។

រយៈពេល ៥ខែ ឆ្នាំ២០២៦ សមាជិក អ.ន.ក. ខេត្តកំពង់ធំ ទទួលមរណភាពសរុបចំនួន ៥៤ នាក់ បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះរបស់សមាគមមានចំនួន ៧៦ លានរៀល និងថវិកាបំពេញបន្ថែមរបស់សម្តេចតេជោចំនួន ៣៥ នាក់ ស្មើនឹង ១៤០ លានរៀល ។ ការងារទូទាត់ឯកសារបេឡាមរណសង្គ្រោះរបស់ អ.ន.ក.ខេត្តបានទាន់ពេលវេលា ដោយបានសហការជាមួយមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ក្នុងការបើកប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភ១លើក និងប្រាក់បូជាសពរយះពេល ៥ខែ សរុបមានចំនួន ១២ នាក់ សរុបទឹកប្រាក់ចំនួនជាង ៦៣ លានរៀល។

ដោយឡែកចំពោះគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន បានរៀបចំដីទំហំ ១៩៧៨ ហិកតា ដោយបានបង្កើតជាភូមិដ្ឋានចូលនិវត្តន៍របស់អតីតយុទ្ធជន ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីង មានទីតាំងក្នុងឃុំក្រយា ស្រុកសន្ទុក ដែលមានអតីតយុទ្ធជនចំនួន ២០៦ គ្រួសាររស់នៅជាអចិន្ត្រៃយ៍។ នេះគឺជាការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល ដែលមានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាសេនាធិការ បានរៀបចំកសាងផ្ទះ និងបែងចែងដីឡូតិ៍កសិកម្ម ក្នុងមួយគ្រួសារទទួលបានដីជាង ១ហិកតាសម្រាប់បង្កបង្កើនផល។ ក្រៅពីនេះចំពោះអតីតយុទ្ធជន និងនិវត្តដែលពុំមានលទ្ធភាពគ្រប់គ្រាន់ សមាគមក៏បានជួយសាងសង់ផ្ទះជូននៅលើទីតាំងដីលំនៅដ្ឋានរបស់ពួកគាត់ផ្ទាល់។ ជារួមគិតមកទល់ពេលនេះ ផ្ទះដែលផ្ដល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ មានសរុបចំនួន ២៩២ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia