Connect with us

ព័ត៌មាន

កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ

ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាន​ឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ថា នៅថ្ងៃទី១២ មិថុនា ក្រោមការដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាន​គណៈ​បញ្ជា​ការ​ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ បានបន្តសហការ​ជាមួយ​កម្លាំង​ចម្រុះ​មក​ពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមាន​ការ​សម្រប​សម្រួល​ផ្លូវ​ច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​តូច​ ធំ ក្នុងមូលដ្ឋានសរុបចំនួន ៣៣កន្លែង ដែលសង្ស័យមានការនាំចូល ស្តុកទុក ចរាចរ និង​ចែក​ចាយ​ផលិតផល និងសាច់បង្កកមានប្រភពនាំចូលមកពីប្រទេសថៃ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងប្រតិបតិការទាំង ៣៣​ទីតាំង​នេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងដែលនាំផលិតផល និងទំនិញនាំចូល​មក​ពី​ប្រទេស​ថៃ​ចំនួន ៥ទីតាំង។ ទីតាំងទី១ នៅឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB CAMBODIA មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយ​រក​ឃើញ​សាច់ ​និងផលិតផលសត្វចំនួន ១២ប្រភេទ មានប្រភពនាំចូលពីប្រទេសថៃ រួមមាន ស្លាប​មាន់​ប្រឡាក់​គ្រឿង ​ស្លាបមាន់ប្រឡាក់ម្រេច ភ្លៅមាន់បំពង់ ប្រហិតសាច់មាន់ ហតដកវែងខ្លី ហត​ដក​សាច់​មាន់ សាច់មាន់ចំណិត សាច់ហេម សាច់ទ្រូងមាន់ប្រឡាក់គ្រឿង សាច់មាន់ជ្រុង និង​ទូរ​ទឹក​កក​សម្រាប់ក្លាស្សេចំនួន ២៥ទូរ។ ទីតាំងទី២ ឃ្លាំងស្តុកផលិតផលប្រហិតបង្កកចម្រុះ ស្ថិត​នៅ​ផ្ទះ​លេ​ខ២៨៣ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ដោយបានរកឃើញប្រហិតបង្កកសរុបចំនួន ២១​មុខ​ ស្មើនឹងជាង ១.២០០គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃដោយខុសច្បាប់។ ទីតាំង​ទី៣ ឃ្លាំងទំនិញធំៗចំនួន ២ ដែលមានម្ចាស់តែមួយ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ទី២ ខណ្ឌឫស្សីកែវ សង្ស័យថាមាននាំចូលទំនិញបង្កកពីប្រទេសថៃ។ តាមការ​ចុះ​ត្រួត​ពិនិត្យ​ជាក់ស្ដែង កម្លាំងចម្រុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែបានរកឃើញ ផលិត​ផល​ដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលមានប្រភពពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាត និងទីតាំងទី៤ ឃ្លាំង​លេខ​៦៣ កម្មសិទ្ធិរបស់ក្រុមហ៊ុន LUX ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល តាមការ​ពិនិត្យ​ជាក់ស្ដែងឃើញថា មានទូបង្កកសាច់ចំនួន២ ដែលមានផ្ទុកសាច់បង្កកចំនួន២ប្រភេទ មាន​ទម្ងន់​សរុប​ជិត ៣០តោន។ តាមការសួរនាំ និងការបញ្ជាក់ពីតំណាងម្ចាស់ឃ្លាំង បានឱ្យដឹងថា សាច់​បង្កកទាំង២ប្រភេទនេះ ផលិតនៅប្រទេសប្រេស៊ីល និងកាណាដា ដោយមាន​ឯកសារ​យោង​ចំនួន​២ គឺ វិក័យបត្រទិញលក់ និងដឹកជញ្ជូនចេញទៅហុងកុង និងវិញ្ញាបន​ប័ត្រ​បញ្ជាក់​ពី​គុណ​ភាព​អនាម័យសាច់ ប៉ុន្តែមិនមានឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់នៅឡើយ។ ដោយ​មាន​ការ​សម្របសម្រួលឯកភាពពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចឱ្យក្រុមការងារចម្រុះបិទឃ្លុំទូបង្កកទាំងពីរជាបណ្ដោះអាសន្ន រង់ចាំម្ចាស់​រក​ឯក​សារ​ពាក់​ព័ន្ធ​ទៅបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប បន្ថែម ដោយទុករយៈពេលមួយសប្ដាហ៍។

លោកស្រីអ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំង និងទូរបង្កកទាំង ៤ទីតាំង​ជា​បណ្តោះ​អាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុបចំនួន ៥នាក់ ទៅធ្វើ​ការ​សាក​សួរ​បន្ថែម​នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​តាម​នីតិ​វិធីច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia