Connect with us

ព័ត៌មាន

ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

ភ្នំពេញ៖ការ​និយម​ពិសារ​កាហ្វេរបស់ប្រជាពលរដ្ឋ​ក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឱ្យមានកំណើនយ៉ាងខ្លាំងទាំងនៅក្នុងហាងកាហ្វេក្នុងស្រុក និងផលិតកម្មក្នុងតំបន់ ខណៈហាង​កាហ្វេក្នុងស្រុកអាច​ពង្រីកតម្រូវការផ្គត់ផ្គង់កាហ្វេ​បាន​ប្រមាណ ១០% នៃតម្រូវ​ការប្រើប្រាស់ប្រមាណ ២ ម៉ឺនតោនក្នុងមួយឆ្នាំៗរបស់កម្ពុជា​។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃការទទួលទានកាហ្វេនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នករស់នៅក្នុងទីក្រុង។ កំណើននៃអ្នកនិយមទទួលទានកាហ្វេបានជំរុញឱ្យហាងកាហ្វេក្នុងស្រុក និងម៉ាកកាហ្វេជាតិរីកសាយភាយ​កាន់តែច្រើន ខណៈដែលតំបន់ដាំដុះកាហ្វេកំពុងពង្រីកផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។

លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គីរី កាហ្វេ (Kiri Coffee) បានលើកឡើងថា បានជាលោកឈានជើងចូលក្នុងឧស្សាហកម្មកាហ្វេដោយសារវប្បធម៌នៃការទទួលទានការហ្វេរបស់ប្រជាពលរដ្ឋកំពុងរីកដុះដាលយ៉ាងខ្លាំង​ ប៉ុន្តែការផ្គត់ផ្គង់គ្រាប់កាហ្វេក្នុងស្រុកមានតិចតូច ហើយ​​គោលបំណងសំខាន់របស់លោកប្រឡូកក្នុងមុខរបរកាហ្វេគឺដើម្បីពង្រីកការដាំដុះកាហ្វេឱ្យច្រើនទូលំទូលាយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងអាចនាំចេញនាពេលអនាគត។ បច្ចប្បន្ន លោកបានដាំដុះកាហ្វេលើផ្ទៃដីជាង ៦៥ ហិកតា ក្នុងនោះ មានផ្ទៃដីជាង ១៥ហិកតា អាចប្រមូលផលកាហ្វេបាន ហើយកាលពីថ្មីៗនេះ លោកបានបោះទុនបន្ថែម​ប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក ដើម្បីទិញគ្រាប់កាហ្វេពីកសិករ និងជំរុញឱ្យពួកគាត់ពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការកាហ្វេ​កើនឡើងខណៈដែលកាហ្វេផលិតក្នុងស្រុកអាចផ្គត់ផ្គង់បានត្រឹម ១០% ប៉ុណ្ណោះ នៃតម្រូវការសរុបប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំៗ​។​

លោកបានគត់សម្គាល់ឃើញថា ក្នុងរយៈពេល ៦ខែចុងក្រោយការផ្គត់ផ្គង់គ្រាប់កាហ្វេផលិតក្នុងស្រុកកំពុងមានសន្ទុះកើនឡើង ជាក់ស្តែងក្រុមហ៊ុនលក់បានប្រមាណ ៣តោនក្នុងមួយខែ។ ការកើនឡើងនេះ ដោយសារអ្នកប្រើប្រាស់ទទួលស្គាល់គុណភាព និងឱជាតិរស់របស់កាហ្វេផលិតក្នុងស្រុកដែលមាប្រភពមកពីខេត្តមណ្ឌលគិរី។ លោកជឿជាក់ថា តាមរយៈការ​និយម​ពិសារ​កាហ្វេរបស់ពលរដ្ឋខ្មែរនេះនិងកាន់តែរីកចម្រើនជាលំដាប់ ដែលនឹងជំរុញឱ្យការដាំដុះកាហ្វេក៏កាន់ច្រើនឡើងផងដែរ។

បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សព្វថ្ងៃ ផ្ទៃដីដាំដុះកាហ្វេនៅកម្ពុជា បានកើនឡើងដល់ ៧០៥​ ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ៥៦៣ ហិកតា និងផលិតកាហ្វេបានចំនួន ១ ៣៣៣តោន ដែលទិន្នផលជាមធ្យម ២,៣៦តោនក្នុង ១ហិកតា។ ខណៈដែលក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះមានចំនួន ត្រឹម​តែ ៥៨៩ហិកតា និង​មាន​ផ្ទៃដីប្រមូលផលចំនួន ២៨៦ហិកតា និងផលិតកាហ្វេបានចំនួន ៧៧២តោន៕  អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia