Connect with us

ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭក​ខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួប​លើកទី៣៥ នៃ ទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងតំណាងធុរជនកម្ពុជា ផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងការប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី កិច្ចប្រជុំកំពូលនេះ គឺជា កាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បី ចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយ ចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia