Connect with us

ព័ត៌មាន

កម្ពុជាដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសគ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេស សម្រាប់គ្រប់គ្រងគម្រោងសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍវិស័យទេសចរណ៍។

ពិធីប្រកាសដាក់ឱ្យអនុវត្តនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ តំណាង រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គភាពចំណុះក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យពាក់ព័ន្ធ សរុបប្រមាណ ២៥០នាក់។ គោលបំណង នៃពិធីនេះ គឺដើម្បីចូលរួមចំណែកជំរុញ ការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការប្រើប្រាស់ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមបរិបទសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជាពិសេស គោលការណ៍ណែនាំបច្ចេកទេសនេះ នឹងចូលរួមគាំទ្រដល់ការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើការងារអាទិភាព ៣ គឺ៖ ១. ភាពស្អាត ២. ភាពបៃតង និង ៣. ចីរភាព ដើម្បីធានាបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងរួមចំណែកឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របបៃតងច្រើននៅឆ្នាំ២០៥០។

គោលការណ៍ណែនាំបច្ចេកទេសនេះ ត្រូវបានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍តំបន់ការពារធម្មជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ បន្ទាប់ពីការពិនិត្យបច្ចេកទេស និងកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ ប្រកាសនេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តជាផ្លូវការដោយក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ប្រកាសនេះបានកំណត់នីតិវិធីសំខាន់ៗ រួមមាន ៖ ការស្នើសុំគម្រោង ការអនុម័តគម្រោង ការរៀបចំផែនការមេ និងផែនការអាជីវកម្ម ការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងសង្គម ការសហការជាមួយដៃគូអនុវត្ត ការចែករំលែកផលប្រយោជន៍ និងការតាមដានវាយតម្លៃការអនុវត្តគម្រោង។

ក្រសួងបរិស្ថាន ដាក់ក្ដីរំពឹងថា ការអនុវត្តគោលការណ៍ណែនាំបច្ចេកទេសនេះ នឹងរួមចំណែកបង្កើតបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ លើកកម្ពស់ការវិនិយោគប្រកប ដោយការទទួលខុសត្រូវ កែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍ ពង្រឹងការអភិរក្សជីវចម្រុះ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រឹត្យកាបូនរបស់កម្ពុជា៕ អត្ថបទ ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia