Connect with us

ព័ត៌មាន

កម្ពុជា ស្វាគមន៍ចំពោះកិច្ចព្រមព្រៀង រវាងអាម៉េរិក និងអ៊ីរ៉ង់ លើការពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ភ្នំពេញ៖ កម្ពុជា ស្វាគមន៍ចំពោះកិច្ចព្រមព្រៀង រវាងអាម៉េរិក និងអ៊ីរ៉ង់ លើការពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ។

បើតាមសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា វិធីសាស្រ្តការទូត និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល នាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ហើយកម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តប្រកបដោយសុច្ឆន្ទៈ និងនាំទៅរកសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាព។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កម្ពុជាជឿជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា គឺមាន សារៈសំខាន់យ៉ាងខ្លាំង សម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និង វិបុលភាពរួម។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយ ចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា និងក្នុងពិភពលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia