ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបានបន្តត្រួតពិនិត្យរកឃើញបទល្មើស Online Scams ចំនួនពីរទីតាំងបន្ថែមទៀត ជាមួយនឹងការចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងរស់នៅប្រមូលផ្ដុំ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៦៤ទីតាំង ដោយរកឃើញមានជនបរទេសស្នាក់នៅសរុប ចំនួន ៣០៦នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងចំណោម ៦៤ទីតាំងនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណីនៅខុនដូរភ្នំពេញកាឡាក់ស៊ីហ្គាដេន អគារB បន្ទប់លេខ១៦០៤ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ ព្រមទាំងដកហូតសម្ភារៈរួមមានទូរស័ព្ទ ១គ្រឿង និងTablet ៤គ្រឿង។ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពឆបោកក្លែងកិច្ចសន្យា ឬឆបោកប្រាក់កម្ចី។
អ្នកនាំពាក្យបន្ថែមថា នៅអាគារខុនដូរដដែលនេះ ក្នុងបន្ទប់លេខ២៤០២ គ្មានមនុស្សសា្នក់នៅនោះទេ ប៉ុន្តែកម្លាំងបានរកឃើញ និងដកហូតសម្ភារៈរួមមានទូរស័ព្ទ ១៣គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង។ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកឧបករណ៍បម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកស្រី ដោ សម្ផស្ស បានបន្តថា ពាក់ព័ន្ធនឹងការងារចុះពិនិត្យនេះដែរ ក្រុមការងារខណ្ឌចំការមនបានចុះត្រួតពិនិត្យទីតាំង LH Residence ស្ថិតនៅអគារលេខ១៣ ផ្លូវលេខ៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ក្នុងអគារA បន្ទប់លេខ៦០៥ ជាន់ទី៦ និងអគារB បន្ទប់លេខ៨០១ ជាន់ទី៨ បានរកឃើញបទល្មើសចំនួន ១ករណី ដោយបានដកហូតសម្ភារៈកុំព្យូទ័រ All in one ចំនួន ៥គ្រឿង។ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកទិន្នន័យវេបសាយសម្រាប់ចែកចាយរូបភាព និងវីដេអូអាសអាភាសតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ ដោយសហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធិភាព៕ អត្ថបទ ៖ វ៉ាន់ដា










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត