ព័ត៌មាន
ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ លើកស្ទួយផលិតផលក្នុងស្រុក និងទាក់ទាញទេសចរ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃដែលនឹងចាប់ផ្ដើមពីថ្ងៃទី១០ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម គូសបញ្ជាក់ថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៦នេះនឹងត្រូវរៀបចំឡើងឱ្យមានលក្ខណៈប្លែក អធិកអធម និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរៀបចំឱ្យមានជាការដង្ហែក្បួនផ្លែឈើបើកព្រឹត្តិការណ៍ និងប៊ូហ្វេទុរេនរយៈពេល៣ថ្ងៃដើម្បីឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេនដ៏ឆ្ងាញ់របស់ទុរេនបាត់ដំបង។
ឯកឧត្តម សង្កត់ធ្ងន់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។
ឯកឧត្តមអភិបាលខេត្ត បង្ហាញក្ដីរំពឹងទុកថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវសហការគ្នារៀបចំកម្មវិធីព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយរលូនមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
ឯកឧត្តម ណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង ១៤ឱ្យនាំយកនូវផ្លែឈើដែលមានសក្ដានុពលប្រចាំតំបន់របស់ខ្លួនមកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងកម្សាន្ត។
ជាមួយគ្នានោះលោក ណៃ ចន ប្រធានសហគមន៍កសិកម្មកសិទេសចរណ៍អភិវឌ្ឍសំឡូត លើកឡើងថា ម្ចាស់ចំការក្នុងសហគមន៍កសិកម្មកសិទេសចរណ៍អភិវឌ្ឍសំឡូតពិតជារីករាយនិងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការនាំយកផ្លែឈើជាច្រើនប្រភេទ ជាពិសេសផ្លែទុរេនសំឡូតដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានរសជាតិផ្អែមឆ្ងាញ់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៦ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តបាត់ដំបង។
លោក ណៃ ចន បានថ្លែងអំណរគុណដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងដែលបានផ្ដួចផ្ដើមរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ផ្លែឈើឡើង ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកផ្ដល់ឱកាសឱ្យបងប្អូនប្រជាកសិករជាអ្នកដាំបន្លែ ផ្លែឈើ និងដំណាំផ្សេងៗបានយកផលិតផលបន្លែផ្លែឈើក្នុងស្រុកដែលដាំដុះដោយកសិករខ្មែរ១០០ភាគរយមានប្រភពច្បាស់លាស់មកលក់ដូរជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ប្រធានសហគមន៍រូបនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ផ្លែឈើឱ្យបានច្រើនកុះករ។
សូមរំឭកថា កាលពីឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបងដោយទទួលបានការសាទរយ៉ាងផុសផុលពីកសិករជាអ្នកដាំដុះបន្លែផ្លែឈើក្នុងស្រុក និងមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត