ព័ត៌មាន
ក្នុងជំនួបជាមួយមេដឹកនាំលើពិភពលោក, សម្ដេចធិបតីតែងលើកឡើងអំពីកម្មភាពកងទ័ពថៃចូលជ្រៅឈ្លានពានទឹកដីកម្ពុជា
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បានថ្លែងបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ និងការងារនៅក្រៅប្រទេសចំនួន៥លើក ក្នុងនោះបានជួបមេដឹកនាំកំពូលពិភពលោក និងមេដឹកនាំរដ្ឋ និងប្រទេសជាច្រើន ខណៈក្នុងជំនួបទាំងនោះសម្ដេចធិបតីតែងតែប្រាប់អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសកម្មភាពកងទ័ពថៃចូលឈ្លានពានចូលជ្រៅលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តមបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចទាំង៥ដងនេះ សម្ដេចធិបតីបានជួបសន្ទនា ឬបានជួបធ្វើកិច្ចការងារជាមួយមេដឹកនាំកំពូលៗជាច្រើន។ ក្នុងជំនួបជាមួយមេដឹកនាំបរទេសកំពូលៗ និងឥស្សរជនជាច្រើនទៀត សម្ដេចធិបតីធ្វើកិច្ចការដោយតម្រង់ឥតងាករេទៅរកអាទិភាពធំៗចំនួនបី គឺទី១ការពារអធិបតេយ្យបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ ទី២ ពង្រឹង និងធ្វើពិពិធកម្មភាពជាដៃគូរបស់កម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា និងទី៣ ប្រើប្រាស់ការទូតដើម្បីបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ការវិនិយោគ និងការបង្កើតការងារនៅកម្ពុជា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា ក្នុងឱកាសជំនួបកិច្ចសន្ទនាទាំងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើង និងបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា កងទ័ពថៃបានចូលមកកាន់កាប់ និងឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងជ្រៅ នៅក្នុងតំបន់ព្រំដែនជាច្រើន បើទោះបីជាមានការព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ។
សូមបញ្ជាក់ថា យន្តការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាមានការរំលោភបំពានពីភាគីថៃ ប៉ុន្ដែសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសន្តិភាព និងមិនចង់ឱ្យមានសង្គ្រាមទ្រង់ទ្រាយធំឡើយ ដោយផ្ដោតលើ៖ការចរចាតាមផ្លូវច្បាប់ ដោយជំរុញឱ្យភាគីថៃបើកដំណើរការ គណៈកម្មាធិការព្រំដែនចម្រុះ (JBC) ឡើងវិញ ដើម្បីវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ផ្អែកលើគោលការណ៍បច្ចេកទេស និងច្បាប់អន្តរជាតិ (ដូចជា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧)។ យន្តការតុលាការអន្តរជាតិ ដោយកម្ពុជាបានរៀបចំជំហរក្នុងការដាក់បណ្ដឹងរឿងវិវាទព្រំដែនក្នុងតំបន់រសើបចំនួន ៤ (រួមមាន តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ម៉ុបី) ទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការការពារអធិបតេយ្យដោយ សម្ដេចធិបតី និងរាជរដ្ឋាភិបាលបានអះអាងថា ពុំមានការធ្វើកិច្ចព្រមព្រៀងសម្ងាត់ ឬកាត់ទឹកដីណាមួយឱ្យទៅភាគីថៃឡើយ ហើយកងទ័ពកម្ពុជានៅតែបន្តឈរជើងការពារទឹកដីយ៉ាងម៉ឺងម៉ាត់៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ