ព័ត៌មាន
ពលរដ្ឋងាយរងគ្រោះបំផុត៥០៨គ្រួសារ នៅសង្កាត់គោករកា ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០៨គ្រួសារ រស់នៅសហគមន៍អណ្តូង៤ និងសហគមន៍អណ្តូង៦ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងសហគមន៍អណ្តូង៤ និងសហគមន៍អណ្តូង៦ នៃសង្កាត់គោករកាទាំងមូល។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការលំបាកខាងផ្នែកជីវភាពក៏ដោយ ក៏យើងមានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេស ដែលមានប្រជាជន កុមារតូចៗជាច្រើន បាននិងកំពុងរត់ភៀសខ្លួនពីភ្លើងសង្គ្រាមនោះឡើយ។ ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។

ប្រជាពលរដ្ឋទាំង៥០៨គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជន ព្រមទាំងបាននាំយកអំណោយផ្តល់ជូនគ្រួសារពួកគាត់ដែលកំពុងជួយការលំបាក។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅសហគមន៍អណ្ដូង៤ និងអណ្ដូង៦ ជាប្រជាពលរដ្ឋដែលមានកម្រិតជីវភាពក្រីក្រលំបាក និងមានលំនៅដ្ឋានតូចចង្អៀតជាងសហគមន៍ផ្សេងទៀត ដែលមានគ្រួសារងាយរងគ្រោះបំផុត និងរងហានិភ័យសរុប ៥០៨គ្រួសារ ដែលមកពីតំបន់មិនរៀបរយជិតអគារប៊ូឌីង មកពីតំបន់ដីក្រហម (សំបុកចាប) និងអ្នកដែលមកពីលើមាត់លូ ប្រឡាយនានាក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នប្រជាពលរដ្ឋមករស់នៅទីនេះ ទទួលបានលំនៅឋាន ផ្ទះមួយល្វែងធ្វើពីបេតុង ប្រក់ស័ង្កសីទំហំ ៤មx៥ម មានប្រព័ន្ធលូ អគ្គិសនីរដ្ឋ និងមានទឹកស្អាតសម្រាប់បរិភោគនិងប្រើប្រាស់។ ប្រជាពលរដ្ឋនៅទីនេះភាគច្រើនជាអ្នកប្រកបមុខរបរកម្មករ កម្មការិនី លក់ដូរបន្តិចបន្តួច លក់លៀសហាល ខ្ចៅស្ងោ ដើររើសអេតចាយ និងលក់ដូររបស់ហូបចុកតាមរបៀបរទេះរុញនៅនឹងកន្លែង ឬចល័ត។ យ៉ាងណាម៉ិញ ប្រជាពលរដ្ឋក្រីក្រជួបការលំបាករស់នៅសហគមន៍អណ្តូង៤ និងសហគមន៍អណ្ដូង៦នេះ ក៏ដូចជាប្រជាពលរដ្ឋក្រីក្ររស់នៅសង្កាត់គោករកាទាំងមូល ទទួលបាននូវប័ណ្ណសមធម៌ក្រីក្រក្នុងកញ្ចប់គ្រួសារ ដែលមានប្រាក់ឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងសម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនអស់ថ្លៃ។ សូមបញ្ជាក់គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០០.០០០រៀល៕

















អត្ថបទៈ សំ ងីម
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ